រដ្ឋបាលខណ្ឌបឹងកេងកង ដាក់ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ

0
382

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ខែកក្កដានេះ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំដាក់ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៧របស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ក្រោមវត្តមាន លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកគឹម ឈុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌ និងដោយមានការចូលរួមពី មន្រ្តីពាក់ព័ន្ធ រដ្ឋបាលសង្កាត់ និងក្រុមហ៊ុនដេញថ្លៃជាច្រើនរូបទៀតផងដែរ។

នៅក្នុងពិធីដាក់ដេញថ្លៃនោះ លោក សុខ សម្បត្តិ បានមានប្រសាសន៍ថា ក្នុងនាម ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខ្ញុំមានសេចក្តីរីករាយប្រកប ដោយមោទនៈភាព និងក្តីជឿជាក់ចំពោះការចូលរួមក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ដែលប្រើប្រាស់ នូវថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ការដេញថ្លៃនេះ ជាការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃ គម្រោងអភិវឌ្ឍន៍សង្កាត់ ដើម្បីកសាងសមិទ្ធិផលក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាម តម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះ គុណភាព បទដ្ឋានបច្ចេកទេសសោភ័ណភាព តម្លៃសមស្រប ជាកត្តាចាំបាច់សម្រាប់ ក្រុមហ៊ុនដែលដេញថ្លៃឈ្នះ និងម្ចាស់គម្រោងដែលជាក្រុមប្រឹក្សាសង្កាត់។ ម្យ៉ាងទៀតដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅជាសាធារណៈប្រកបដោយភាពរលូនមាន តម្លាភាព គណនេយ្យភាព យុត្តិធម៌ អាចជឿទុកចិត្តបាន ខ្ញុំសូមឆ្លុះបញ្ចាំងនូវសកម្មភាពមួយចំនួនដែលបណ្តាភាគី ពាក់ព័ន្ធក្នុងការដេញថ្លៃនាពេលនេះ ត្រូវតែប្រកាន់យក និងគប្បីចៀសវាងដូចតទៅ ៖ ទី១៖ ចំពោះក្រុមហ៊ុន / អ្នកទទួលការ៖- ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន/អ្នកទទួលការ។ – ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង។- ពិចារណាច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។- ក្រោយពីការដេញថ្លៃបានត្រូវគោរពនីតិរ៉ែនកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង – មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។- ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្នានអនុវត្តគម្រោងហូត ដល់ពេលបិទការដ្ឋាន។- មុនពេល និងក្នុងពេលដេញថ្លៃមិនត្រូវមានការឃុបឃិតគ្នាជាមុនដូចជាលួចចរចារគ្នាទទួលសំណូក ពីគ្នា ឬការទិញទឹកចិត្តគ្នាដោយមានការសន្យាមុនពេលដេញថ្លៃ។

ទី២៖ ចំពោះគណៈកម្មការលទ្ធកម្មបង្កាត់ ៖- ត្រូវមានការសម្រេចចិត្តត្រឹមត្រូវក្នុងការទទួលយកអ្នកទទួលការប្រកបដោយតម្លាភាព និងគោរពបាននូវគោលការណ៍លទ្ធកម្ម។- ត្រូវមានការឯកភាពគ្នាក្នុងគណៈកម្មការលទ្ធកម្មសង្កាត់ ដោយមានមូលហេតុច្បាស់លាស់ក្នុងការសម្រេចចិត្ត។

ទី៣៖ ចំពោះគណៈកម្មការគ្រប់គ្រងគម្រោងបង្កាត់ ៖-ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្តល់យោបល់ ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។ -មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។-តាមដានរបាយការណ៍រីកចម្រើន និងការចេញអាណត្តិទូទាត់ និងប្រាក់ធានា។ -ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋានអនុវត្តគម្រោង។

លោក សុខ សម្បត្តិ បានបញ្ជាក់ថា គោលបំណងនៃការដេញថ្លៃនាពេលនេះ ទាមទារឲ្យមានការចូលរួមពីក្រុមប្រឹក្សា សង្កាត់ គណៈកម្មការលទ្ធកម្មសង្កាត់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតម្លៃ ជាពិសេសតំណាងប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលផ្ទាល់ពីគម្រោង ឲ្យទទួលបានជោគជ័យ និងមានតម្លាភាព ដើម្បីឲ្យឆ្លើយតបទៅ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

លោកអភិបាលខណ្ឌបឹងកេងកង បានស្នើឱ្យក្រុមហ៊ុនដែលដេញថ្លៃបានគម្រោងមូលនិធិសង្កាត់ទាំង៧ត្រូវយកចិត្តទុកដាក់ធ្វើការងារឱ្យបានល្អ ដោយផ្តោតលើគុណភាព និងមានកិច្ចសហការជាប្រចាំជាមួយអាជ្ញាធរសង្កាត់ធ្វើយ៉ាងណាធានាបាននូវគុណតម្លៃនិងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនត្រូវដេញថ្លៃបានហើយធ្វើមិនបានរត់ចោលគម្រោងនោះទេ៕

Facebook Comments
Loading...