សម្ដេចតេជោ ហ៊ុន សែន ! ប្រជាពលរដ្ឋអាចជ្រើសរើសដោយសេរី បើស្រលាញ់គណបក្សណាមួយ ស្រលាញ់បេក្ខជនណា បោះឲ្យបេក្ខជននោះទៅ

0
10068

ភ្នំពេញ ៖ លើកឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី ២០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំ ដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរីៗ ស្រលាញ់គណបក្សណាមួយ ស្រលាញ់បេក្ខជនណា បោះឲ្យបេក្ខជននោះទៅ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្រប់គណបក្សនយោបាយសុទ្ធ​តែមានចំណែក នៅក្នុងការធ្វើឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចតេជោ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធទាំង​អស់ ចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ពោលគឺនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះឲ្យបានល្អប្រសើរ។ ធ្វើយ៉ាងណាឲ្យក្នុងការបោះឆ្នោតមួយ ដោយប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ដោយមានរបៀបរៀបរយ ដោយសុវត្ថិភាព គ្មានការគំរាមកំហែង គ្មានហិង្សា។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា គ្រប់បណ្ដាគណបក្សនយោបាយទាំងអស់សុទ្ធតែមានចំណែក ដើម្បីចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ តាមការណែ​នាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ សម្ដេចតេជោ ហ៊ុន​ សែន នឹងអញ្ជើញទៅបំពេញ បេសសកម្មនៅក្រៅប្រទេស។ ប៉ុន្តែសម្ដេច នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យទាន់ការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រកាសថា សម្រា​ប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ សម្ដេចមិនចេញឃោ​ស​នានោះទេ។ ការឃោសនាបោះឆ្នោត នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ខ្ញុំមិនចេញឃោសនា សម្រាប់មេឃុំណាមួយទេ ទុកឲ្យមេឃុំនោះនាំគ្នាធ្វើទៅ ហើយឆ្លៀតឱកាសនេះ អំពាវនាវឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំ ដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរីៗ ស្រលាញ់គណបក្សណាមួយ ស្រលាញ់បេក្ខជនណា បោះឲ្យបេក្ខជននោះទៅ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ប្រជាពលរដ្ឋអាចនឹងយល់បានហើយ អ្វីទៅដែលគួរធ្វើ ហើយអ្វីទៅដែលមិនគួរធ្វើ។ សម្ដេចតេជោ បានបន្ថែមថា នៅពេលគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ហើយដឹកនាំប្រទេស គឺប្រជាពលរដ្ឋរូបណាក៏អាចនៅជាមួយបានដែរ៕

Facebook Comments
Loading...