ថ្នាក់ដឹកនាំ និងមន្ដ្រីសាលាសង្កាត់ពន្សាំង រៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0
24948

ភ្នំពេញ ៖ លោក ឈួន ឆាំ រួមនិងមន្ត្រីសាលាសង្កាត់ ទាំងអស់ រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានជួបជុំគ្នានៅ ស្នាក់ការសង្កាត់ រៀបចំពិធីសូត្រមន្ដ ចំរើន ព្រះបរិត្ត ប្រោះព្រំ លើក រាសីដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់។

សូមជំរាបជូនថា ក្នុងរដូវកាលនេះមន្ដ្រីបុគ្គលិកតាមស្ថាប័ន អង្គភាពក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅតែងប្រតិបត្តិ នូវទំនៀម ទម្លាប់ប្រពៃណី ពីដូនតា ដោយបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា ឲ្យពរសព្វសារធុការ សេរីសួស្ដី ជ័យមង្គលវិបុលសុខគ្រប់ប្រការ និងសូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងកិច្ចការងាររបស់ខ្លួន នៅឆ្នាំបន្ដ។ ជាមួយ នេះក៏ដើម្បីឲ្យអ្នកចូលរួមទាំងអស់ ជម្រះចិត្ត ជម្រុះចោលនូវអ្វីដែលជាគ្រឿងសៅហ្មងទាំងពួង ចាប់យកតែរឿងល្អ ប្រព្រឹត្តិនូវ អំពើល្អ ជាប្រយោជន៍ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ក្រៅពីពិធី សូត្រមន្ដចំរើនព្រះបរិត្ត សមាជិក សមាជិកាទាំងអស់ បានឧទ្ទិសកុសល ដល់មាតាបិតា បុព្វការីជន សាច់សាលោហិតដែលបានចែកស្ថានទៅ និងយុទ្ធជនយុទ្ធនារី វីរៈជនស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឲ្យអ្នកទាំងនោះរួចរំដោះ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា កម្មវិធីនេះសង្កាត់ពន្សាំងតែងរៀបចំធ្វើ ជារៀងរាល់ឆ្នាំ ប៉ុន្ដែ នៅឆ្នាំ២០១៩, ២០២០ និងឆ្នាំ២០២១កន្លងទៅនេះ ត្រូវខកខានមិនបានធ្វើដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ឥឡូវនេះស្ថានភាពជម្ងឺកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាល ដោយសារការដឹកនាំ ប្រកប ដោយ ភាពឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃកម្ពុជា ធ្វើឲ្យគ្រប់សកម្មភាព សេ្ឋកិច្ច និង សង្គមបានដំណើរការឡើងវិញ ទូទាំងផ្ទៃប្រទេស៕

Facebook Comments
Loading...