ថ្នាក់ដឹកនាំ និង មន្ដ្រីភូមិបាលខណ្ឌព្រែកព្នៅ រៀបចំ ពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0
525

ភ្នំពេញ ៖ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និង ភូមិបាលខណ្ឌព្រែកព្នៅ និងភរិយា រួមនិងមន្ដ្រីបុគ្គិលិក ក្រោមឱវាទទាំងអស់ ព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២២នេះ បានជួបជុំគ្នានៅស្នាក់ការរបស់ខ្លួនស្ថិតតាមបណ្ដោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ រៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ប្រោះព្រំ លើក រាសីដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

សូមជំរាបជូនថា ក្នុងរដូវកាលនេះមន្ដ្រីបុគ្គលិកតាមស្ថាប័ន អង្គភាពក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅតែងប្រតិបត្តិ នូវទំនៀម ទម្លាប់ប្រពៃណី ពីដូនតា ដោយបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា ឲ្យពរសព្វសារធុការ សេរីសួស្ដី ជ័យមង្គលវិបុលសុខគ្រប់ប្រការ និងសូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងកិច្ចការងាររបស់ខ្លួន នៅឆ្នាំបន្ដ។ ជាមួយ នេះក៏ដើម្បីឲ្យអ្នកចូលរួមទាំងអស់ ជម្រះចិត្ត ជម្រុះចោលនូវអ្វីដែលជាគ្រឿងសៅហ្មងទាំងពួង ចាប់យកតែរឿងល្អ ប្រព្រឹត្តិនូវ អំពើល្អ ជាប្រយោជន៍ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ក្រៅពីពិធី សូត្រមន្ដចំរើនព្រះបរិត្ត សមាជិក សមាជិកាទាំងអស់ បានវេរចង្ហាន់ប្រគេនព្រះសង្ឃ ឧទ្ទិសកុសល ដល់មាតាបិតា បុព្វការីជន សាច់សាលោហិតដែលបានចែកស្ថានទៅ និងយុទ្ធជនយុទ្ធនារី វីរៈជនស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឲ្យអ្នកទាំងនោះរួចរំដោះ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា កម្មវិធីនេះការិយាល័យ ភូមិបាលខណ្ឌព្រែកព្នៅតែងរៀបចំធ្វើ ជារៀងរាល់ឆ្នាំ ប៉ុន្ដែនៅឆ្នាំ២០១៩, ២០២០ និងឆ្នាំ២០២១កន្លងទៅនេះ ត្រូវខកខានមិនបានធ្វើដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ឥឡូវនេះស្ថានភាពជម្ងឺកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាល ដោយសារការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃកម្ពុជា ធ្វើឲ្យគ្រប់សកម្មភាព សេ្ឋកិច្ច និងសង្គមបានដំណើរការឡើងវិញ ទូទាំងផ្ទៃប្រទេស៕

Facebook Comments
Loading...