ប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយសារកូវិដ១៩ និងទីទាល់ក្រសរុប២០គ្រួសារបានទទួលអំណោយប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ

0
415

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយសារកូវិដ១៩ចំនួន២គ្រួសារ និងប្រជាពលរដ្ឋទីទាល់ក្រ១៨គ្រួសារក្នុងភូមិផ្សារលិចបានទទួលអំណោយរបស់លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នេះដែលមានការចូលរួមពីលោកស្រី កែវ រ័ត្នតារា អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ និងក្រុមការងារជាច្រើនទៀតផងដែរ។

ក្នុងឱកាសចុះចែកអំណោយតាមមូលដ្ឋាននាខណៈនោះលោកជា ខេមា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញដែលបានយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសអាជ្ញាជាប់ពាក់ព័ន្ធថ្នាក់មូលដ្ឋានដែលបានចុះជាប់ជានិច្ចជាប្រចាំតាមភូមិសង្កាត់ បានមើលឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ហើយបានចែកអំណោយជាបន្តបន្ទាប់ពីអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងអំណោយរបស់អភិបាលរាជធានីភ្នំពេញ ដូចជាពេលនេះជាដើម។

លោក បានឲ្យដឹងទៀតថា ដោយការមើលឃើញអំពីភាពខ្វះខាត របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មានមេភូមិចៅសង្កាត់ ជាពិសេសថ្នាក់ខណ្ឌបានខិតខំយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានខិតខំយកអស់កម្លាំងកាយចិត្តពុះពារមិនរាថយជាដាច់ខាត អោយតែប្រជាពលរដ្ឋមានសេចក្តីសុខប្រកបរបររកទទួលទានមានការ រីកចំរើន ធូរធា ទាំងនេះគឺជាតម្រូវការចាំបាច់របស់អាជ្ញាធរថ្នាក់មូលដ្ឋាន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថាអំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយសារជំងឺកូវិដ និងប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរាទាំង២០គ្រួសាររួមមាន ១/ អង្ករចំនួន ២៥គីឡូក្រាម ២/ មីចំនួន០១កេស ៣/ ទឹកស៊ីអ៊ីវចំនួន០១យួរ ៤/ ថ្នាំពេទ្យចំនួន០១កញ្ចប់

និងថវិកាចំនួន ២ម៉ឺនរៀល។ បន្ទាប់មកលោកជា ខេមា បាននាំយកទឹកសុទ្ធចំនួន២០កេស និងទឹកក្រូចចំនួន៥កេសផងដែរ យកទៅឧបត្ថមដល់ក្រុមគ្រូពេទ្យនៅមន្ទីពេទ្យបង្អែកព្រែកព្នៅ ដែលកំពង់សស្រាក់សស្រាំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

Facebook Comments
Loading...