អូមីក្រុង មកដល់កម្ពុជាហើយ! អ្នកឆ្លង គឺស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ ធ្វើដំណើរមកពី( អាហ្វ្រិកខាងលិច )

0
434

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី១៤ ខែធ្នូនេះ ពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុងម្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ នោះគឺស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅឃុំតាបុក ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសេចក្តីប្រកាស ស្ត្រីអ្នកឆ្លងកូវីដ ប្រភេទបំប្លែងថ្មី អូមីក្រុង មានផ្ទៃពោះ ចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរ ចេញពីប្រទេសហ្គាណា ( អាហ្វ្រិកខាងលិច ) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរ នៅព្រលានយន្តហោះ ទីក្រុងបាងកក នៃប្រទេសថៃ ដោយនៅរង់ចាំជើងហោះហើរ ចំនួន ១៤ម៉ោង ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ១៩ ហើយក៏បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់វីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង នេះ។

តាមសេចក្តីប្រកាស បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕

Facebook Comments
Loading...