ដាក់លក់ស្នាក់ការកណ្តាលលោក សម រង្ស៊ី ដើម្បីយកលុយសងម្ចាស់បំណុល៤ភាគី

0
129

ភ្នំពេញ ៖ តុលាការបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះ ដែលជាកម្មសិទ្ធិរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដើម្បីយកលុយទៅឲ្យម្ចាស់បំណុលចំនួន៤ភាគី ដែលក្នុងនោះមានដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែលសរុបជាទឹកប្រាក់ប្រមាណជាង២លាន ៥សែនដុល្លារអាមេរិក។

ផ្ទះដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី គឺស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អតីតស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ)។ ដីកាសម្រេចចាប់ផ្តើមការលក់នេះ ត្រូវបានបង្ហោះ និងចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមអតីតមន្ត្រីនៃអតីទគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ដីកានេះ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ។

ដីការចំនួន៤ ដាច់ដោយឡែកពីគ្នា ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ជាកូនបំណុល ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល៤ភាគី។ ដីកាទាំង៤នោះ គឺទី១ មានសម្តេចតេជោ ហ៊ុន សែន ជាម្ចាស់បំណុល (ចំនួន១លានដុល្លារ), ទី២ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាម្ចាស់បំណុល (ប្រមាណ៥សែនដុល្លារ), ទី៣ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាម្ចាស់បំណុល (២ពាន់លានរៀល) និងទី៤ មានរដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល (១ពាន់៨រយលានរៀល)៕

Facebook Comments
Loading...