សំណង់អាគារមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះណែនាំការដ្ឋាន ដើម្បីឲ្យគោរពម៉ោងធ្វើការងារ

0
543

ភ្នំពេញ ៖ ទីតាំងសំណង់អាគារខ្ពស់មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះណែនាំឱ្យគោរពពេលវេលានៃការធ្វើការងារនៅក្នុងទីតាំងនោះដោយ​សារតែការបង្កសំឡេងរំខានដល់អ្នកជិតខាង ក្នុងករណី ម្ចាស់ការដ្ឋាន ចង់ស្នើសុំធ្វើការបន្ថែមលើសម៉ោង ត្រូវដាក់លិខិតស្នើសុំមករដ្ឋបាលខណ្ឌដូនពេញជាមុនសិន។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថាជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះយោងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ឈ្មោះ ហ៊ុន ហ្វាស និងចំណាររបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះធ្វើការណែនាំទីតាំងការដ្ឋានសាងសង់ក្បាលដីលេខ៥៧០ ស្ថិតនៅផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋានកំពុងមានសកម្មភាពសាងសង់បាន០៧ជាន់ ដោយមានសំលេងការដ្ឋានជាធម្មតា។ ជាក់ស្តែង ក្រុមការងារសង្កាត់ មិនអាចទំនាក់ទំនងភាគីដើមបណ្តឹងបានទេ។

ក្នុងការចុះទៅនោះក្រុមការងារបានណែនាំដល់តំណាងម្ចាស់ការដ្ឋានដូចខាងក្រោម ១. ម្ចាស់ការដ្ឋាន ត្រូវគោរពម៉ោងពេលការងារ ដោយត្រូវដំណើរការងារក្នុងការដ្ឋានចាប់ពីម៉ោង០៧:០០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង១៤:០០នាទីរសៀល ដល់ម៉ោង១៩:០០នាទីយប់ ត្រូវបញ្ចប់រាល់កិច្ចការងារទាំងអស់ដែលបង្កសំលេងរំខានដល់អ្នកជិតខាង។ ២. ត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំណង់ជាប្រចាំ ក្នុងនោះត្រូវពិនិត្យបច្ចេកទេសដងស្ទូច, សំណាញ់ហ៊ុមព័ទ្ធការដ្ឋាន, របាសំណាញ់ជ្រែង។ ចំពោះដងស្ទូចត្រូវចតស្របផ្លូវលេខ៧០ នៅពេលសម្រាក និងត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។ ៣. មិនត្រូវដាក់សម្ភារៈសំណង់លើចិញ្ចើមផ្លូវសាធារណៈ។ ៤. ក្នុងករណី ម្ចាស់ការដ្ឋាន ចង់ស្នើសុំធ្វើការបន្ថែមលើសម៉ោង ត្រូវដាក់លិខិតស្នើសុំមករដ្ឋបាលខណ្ឌដូនពេញជាមុនសិន។ ក្នុងករណី ម្ចាស់ការដ្ឋានមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់។

បន្ទាប់ពីធ្វើកំណត់ហេតុចប់ក្រុមការងារខណ្ឌដូនពេញបានអានកំណត់ហេតុ ជូនតំណាងម្ចាស់ការដ្ឋានស្តាប់ចប់សព្វគ្រប់ ហើយតំណាងម្ចាស់ការដ្ឋានបានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុងផងដែរ៕

Facebook Comments
Loading...