ផ្ទះ៥ខ្នងឆេះខ្ទេចខ្ទីគ្មានសល់ បណ្តាលមកពីបុរសម្នាក់ដុតខ្សែភ្លើងយកស្ពាន់ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល

1
112

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ សំណង់មិនរៀបរយ ស្ថិតនៅតាមផ្លូវរថភ្លើង នៅខាងកើតវត្ត ទួលសុវណ្ណរាម ហៅវត្ត ទួលសង្កែ បណ្តាលអោយផ្ទះ ធ្វើពីឈើ ប្រក់ស័ង្កសីចំនួន៥ខ្នង ត្រូវភ្លើងឆាបឆេះអស់គ្មានសល់ រួមជាមួយសម្ភារៈជាច្រើនទៀត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៧ និង៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចតាមផ្លូវរថភ្លើង ក្នុងក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ផ្ទះដែលបង្កជាអគ្គីភ័យ(ផ្ទះដើមភ្លើង)កើតឡើង ជាប្រភេទសំណង់មិនរៀបរយ ធ្វើពីឈើ ប្រក់ស័ង្កសី ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ៥ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ឆាំ្ន ដែលបានជួលទៅអោយឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំមុខរបរ រើសអេតចាយ ស្នាក់នៅ ។ ការកើតមានអគ្គិភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះដើមភ្លើង ដុតខ្សែភ្លើងយកស្ពាននៅក្បែរផ្ទះទើបបង្កជាអណ្តាតភ្លើងបានឆាបឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងយ៉ាង សន្ធោសន្ធៅតែម្តង។បន្ទាប់ពីបង្កឲ្យកើតមានអគ្គិភ័យជនបង្កនោះបានគេចខ្លួនបាត់ស្រមោល។
ភ្លាមៗនោះនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញប្រតិបត្តិការ នៅក្នុងហេតុការណ៍អគ្គិភ័យនេះដោយបានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន១៧គ្រឿង ទៅអន្តរាគន៍បាញ់ពន្លត់។ ក្នុងនោះ រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ១៥គ្រឿង រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ១គ្រឿង និងរថយន្តស្រាបៀរកម្ពុជា ចំនួន ១គ្រឿង។ ភ្លើងបានរលត់ នៅវេលាម៉ោងប្រមាណ ៨យប់។
មន្ត្រីនគរបាលបានបញ្ជាក់ថា ផ្ទះចំនួន ៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនទៀត និងបណ្តាលឲ្យប្រជាពលរដ្ឋ ចំនួន ១២គ្រួសារ គ្មានទីជំរក ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីអគ្គីភ័យនេះមិនបណ្តាលឲ្យមនុស្ស រងគ្រោះថ្នាក់នោះឡើយ ៕

Facebook Comments
Loading...

1 COMMENT

Comments are closed.