ក្នុងខណ្ឌព្រែកព្នៅ មកទល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន១២៧ នាក់ដែលកំពុងសំរាកព្យាបាលនៅផ្ទះ

0
140

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ការឆ្លងរីករាលដាលនៃជម្ងឺ១៩នៅតែជា បញ្ហាក្ដៅ សម្រាប់ខណ្ឌព្រែកព្នៅ ក៏ដូចជាបណ្ដាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ ព្រោះថាករណីវិជ្ជមានកូវីដ១៩នៅមូលដ្ឋាននេះ នៅតែបន្ដមានជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង នៅថ្ងៃទី២៧ ខែកក្កដានេះ ម្ស៉ិលម៉ិញនេះ មានករណីវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ ក្នុងនោះ នៅសង្កាត់គោករកា៥នាក់ សង្កាត់ព្រែកព្នៅ២នាក់ និង សង្កាត់ពន្សាំង២នាក់ ដែលធ្វើឲ្យអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលបច្ចុប្បន្នសរុបចំនួន៦៤១នាក់។

លោក អភិបាលខណ្ឌ បញ្ជាក់ថាក្នុងចំណោមអ្នកកំពុងសម្រាកព្យាបាលទាំងនោះ មានអ្នកជម្ងឺ៥១៤ដែលបាន ទៅសម្រាក់ព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល ចំណែកអ្នកជំងឺ១២៧នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ លោក បន្ដថាក្រោយពីមានការអនុញ្ញាតិពីក្រសួងសុខាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ មានអ្នកជម្ងឺកូវីដ១៩ជាច្រើនបានស្ម័គ្រចិត្តព្យាបាលនៅផ្ទះ ឬទីតាំងអង្គភាពរបស់ខ្លួន។ ជាក់ស្ដែង នៅសមាគមសំនៀងជនពិការ ក្នុងសង្កាត់គោករការ គាត់មានសមាជិក រហូត៤៥នាក់ ដែលបានឆ្លងវារុសកូវីដ១៩ ប៉ុន្ដែដោយសារ ពួកគាត់ជាជនពិការដូចនេះគាត់ស្ម័គ្រចិត្តព្យាបាលនៅសមាគមរបស់ខ្លួន។

លោកសុខ សម្បត្តិ បានបញ្ជាក់ដែរថា ដើម្បីមានភាពងាយស្រួល ក្នុងការព្យាបាល រដ្ឋបាលខណ្ឌបានបង្កើតគ្រុបក្រុមការងារព្យាបាលកូវីដ១៩ តាមផ្ទះ តាមប្រព័ន្ធតេឡេក្រាម ដើម្បី​ជួយសម្រួលដល់ការអនុវត្តនីតិវិធីស្ដង់ដារ សម្រាប់ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ។ ទន្ទឹមនិងការព្យាបាល អាជ្ញាធរខណ្ឌ ក៏បានជម្រុញការអប់រំ ផ្សព្វផ្សាយពីវិធីសាស្ដ្រ ក្នុងការការពារផងដែរ ពិសេសគឺការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន៣កុំ និង៣ការពារ។

ដោយឡែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានធ្វើការកត់សម្គាល់ថា សម្រាប់ការអនុវត្តក្នុងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ កន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរ ដោយសារមានក្រុមគ្រូពេទ្យ ឆ្លើយតបបានទាន់ពេលវេលា និងរង់ចាំស្វាគមន៍ ពិគ្រោះយោបល់តាមដានស្ថានភាពសុខភាពអ្នកជំងឺជាប្រចាំនិង ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ធ្វើឲ្យអ្នកជម្ងឺមានភាពកក់ក្ដៅក្នុងចិត្ត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន១០៣៤នាក់ អ្នកជាសរុបចំនួន៣៥៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦៤១នាក់ និងមានអ្នកស្លាប់សរុបចំនួន៣២នាក់៕

Facebook Comments
Loading...