រថយន្តកុងតឺនរ័ បុកម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យមានអគ្គិភ័យ សំណាងល្អអ្នកបើកម៉ូតូខ្ទាតចេញពីរថយន្តមិនគ្រោះថ្នាក់ដល់ជីវិត

0
729

ព្រះសីហនុ ៖ រថយន្តកុងតឺនរ័ បុកម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យមានអគ្គិភ័យ សំណាងល្អអ្នកបើកម៉ូតូខ្ទាតចេញពីរថយន្តមិនគ្រោះថ្នាក់ដល់ជីវិត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ០០នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៨-២១៩ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមបាយការណ៍ពីសមត្ថកិច្ចនគរបាលជំនាញបញ្ជាក់ថា ហេតុការណ៍នេះបង្កឡើងដោយ រថយន្តកុងតឺន័រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស្លែ ពាក់ស្លាក លេខភ្នំពេញ3A-0682 សណ្តោងរ៉ឺម៉កកុងតឺន័រពាក់ផ្លាកលេខ ភ្នំពេញ4A-1543 (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ មកដល់ចំណុចខាងលើបានបុកពីខាងក្រោយម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះមួន ហ៊ាន ភេទ ប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ជាងទូក មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា រួចអូសម៉ូតូដែលជាប់ក្រោមរថយន្តច្រើនម៉ែត្រ បណ្តាលឲ្យឆាប់ឆេះជាអគ្គិភយ័តែម្តង។ ភ្លាមៗកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានយករថយន្តពន្លត់អគ្គីភ័យជួយបាញ់ទឹកពន្លត់ភ្លើងនិងដោះស្រាយការងារបន្តតាមនិតិវិធី។

របាយការណ៍បន្ថែមថា គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ស្រាលមិនប៉ះពាល់ដល់អាយុជីវិតទេ ដោយសារជនរងគ្រោះសំណាងល្អ ខ្ទាតចេញផុតពីរថយន្ត ពេលបុកប៉ះភ្លាម និងក្រោយមកបានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ។ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការដោះស្រាយបន្ត៕

Facebook Comments
Loading...