ជនជាតិឥណ្ឌូនេស៊ីម្នាក់ឃើញម៉ូតូចតចោលមានសោរស្រាប់ លួចយកបំណងយកទៅលក់ត្រូវសមត្ថកិច្ចឃាត់បាន

0
797

បន្ទាយមានជ័យ ៖ កម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ដែលជាជនជាតិឥណ្ឌូនេស៊ីទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែមេសា ឆ្នាំ២០២១នេះ ពីបទលួចម៉ូតូ កាលពីថ្ងៃទី១ ខែមេសា នៅចំណុចម្ដុំបរិវេណកាស៊ីណូផ្កាយ៥។

គួរបញ្ចាក់ថាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់់ជនរងគ្រោះឈ្មោះ ឡាត់ ភី ភេទប្រុស អាយុ៥០ឆ្នាំ រស់់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-7527 នៅចំណុចម្ដុំបរិវេណកាស៊ីណូផ្កាយ៥។

កម្លាំងជំនាញរបស់អាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ HERY ANTO (ហៀរី អាន់តូ) ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី រស់នៅក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុងតាងម៉ូតូខាងលើ នៅវេលាម៉ោង១៧និង០០នាទី នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

ក្រោយសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីរូបគេបានជិះម៉ូតូឌុបធ្វើដំណើរពីកាស៊ីណូផារ៉ាមិក សំដៅទៅកាស៊ីណូហាយសូ១៨ជាន់ ពេលទៅដល់់ពាក់កណ្ដាលផ្លូវចំណុចកាស៊ីណូផ្កាយ៥ រូបគេក៏ឈប់នៅទីនោះ ហើយដើរបានបន្តិចក៏ប្រទះឃើញម៉ូតូ១គ្រឿងដែលចតនៅមុខកាស៊ីណូដោយមានសោរជាប់នៅហ្នឹងម៉ូតូស្រាប់ ពេលនោះរូបខ្លួនមានឱកាសក៏លួចយកម៉ូតូនោះតែម្ដង ហើយជិះចេញទៅមានបំណងយកទៅលក់យកប្រាក់ ពេលជិះទៅដល់ចំណុចស្ថានីយ៍រថភ្លើងត្រូវបានកម្លាំង កងរាជអាវុធហត្ថ ឃាត់ខ្លួនបានតែម្ដង។

បន្ទាប់ពីសារភាពរួចកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្តនីតិវីធីដើម្បីបញ្ជូនទៅតុលាការ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដែលជាជនរងគ្រោះវិញ៕

Facebook Comments
Loading...