ពលរដ្ឋភូមាបាត់បង់ជីវិតជាង៥០០នាក់ និងរាប់ពាន់នាក់រត់ភៀសខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារ ថ្ងៃទី១កុម្ភៈមក

0
965

បរទេស ៖ សារព័ត៌មានជប៉ុន NHK បានផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា បើតាមក្រុមសិទ្ធិមនុស្សក្នុងតំបន់ នៅភូមា បានថ្លែងថា ការបង្ក្រាបរបស់យោធា បានបណ្ដាលឲ្យពលរដ្ឋភូមា ជាង៥០០នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួន ចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងធំ នៃប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា កងកម្លាំងសន្ដិសុខ កាលពីថ្ងៃទី២៩ ខែមីនា បានតម្រង់គោលដៅលើពួកគេ ដោយគ្រាប់បែកដៃ ដែលបានបំផ្ទុះបំបែករបាំងរបស់ពួកគេ។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានការធ្វើបាតុកម្មជាទ្រង់ទ្រាយធំ នៅកណ្ដាលទីក្រុងយ៉ាំងហ្គូន ចំពេលមានការបង្ក្រាបយ៉ាងខ្លាំងនោះទេ។ ប៉ុន្ដែនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានដុតសម្បកកង់រថយន្ដ នៅពាសពេញផ្លូវបន្ដទៀត។

ជាមួយគ្នានេះ យោធាភូមាបានបះទង្គិចគ្នា នៅក្នុងតំបន់ជនជាតិភាគតិច ដោយវាយប្រហារតាមអាកាសថែមទៀត ចាប់តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក។ រីឯតំបន់ភាគអាគ្នេយ៍ នៃប្រទេសភូមា ដែលគ្រប់គ្រង ដោយជនជាតិការ៉ែន (Karen) មានពលរដ្ឋរាប់ពាន់នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ ដែលមានព្រំដែនជាប់គ្នា។ ក្រុមជនជាតិភាគតិច បានអះអាងថា ការវាយប្រហារតាមអាកាស បានបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

សមាជិកអង្គការក្រៅរដ្ឋាភិបាល ក្នុងតំបន់ បានប្រាប់សារព័ត៌មានជប៉ុន NHK ថា ពួកគេមានការព្រួយបារម្ភថា អាចនឹងមានគ្រោះថ្នាក់ដល់មនុស្សយ៉ាងច្រើន ប្រសិនបើការវាយប្រហាររបស់យោធានៅតែបន្ដ។ លើសពីនេះទៅទៀត អាជ្ញាធរថៃ បានបញ្ជូនជនភៀសខ្លួនជាង២ពាន់នាក់ ប្រគល់ឲ្យភាគីភូមាវិញ។ដោយឡែករដ្ឋាភិបាលថៃ បានច្រានចោលថា ថៃមិនបានបញ្ជូនជនភៀសខ្លួនទាំងនោះ ឲ្យវិលត្រឡប់ទៅភូមាវិញនោះឡើយ ហើយថៃមានតែគាំទ្រ និងផ្ដល់ជំនួយថ្នាំពេទ្យដល់ពួកគេថែមទៀតផង។

បើតាមសារព័ត៌មាន Kyodo របស់ជប៉ុន បានចេញផ្សាយ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា លោក Toshimitsu Motegi រដ្ឋមន្រ្ដីការបរទេសជប៉ុន និងលោកស្រី Retno Marsudi រដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាវិបត្ដិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា)។ ប្រមុខការទូតទាំង២ប្រទេសនេះ បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្លាប់យ៉ាងរង្គាលទៅលើក្រុមបាតុករ ដោយសន្ដិវិធី ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Toshimitsu Motegi រដ្ឋមន្រ្ដីការបរទេសជប៉ុន បានជួបជាមួយសមភាគីឥណ្ឌូនេស៊ីរបស់លោក នៅក្នុងទីក្រុងតូក្យូ (ប្រទេសជប៉ុន) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា នៅតែបន្ដកើតមានឡើង ប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អំពើហិង្សានេះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើន។ សូម្បីតែ១ថ្ងៃ (ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១) ក្រុមសន្ដិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់មនុស្ស យ៉ាងតិច១១៤នាក់។ ថ្ងៃនោះក៏ជាថ្ងៃបង្ហូរឈាមយ៉ាងឃោរឃៅបំផុត ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២១។ រីឯការបង្ក្រាបយ៉ាងព្រៃផ្សៃនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងតិច៤៥៩នាក់ គិតត្រឹម ថ្ងៃទី២៨ ខែមីនា ។ នេះបើតួលេខចេញផ្សាយប្រចាំថ្ងៃ ដោយអង្គការសិទ្ធិមនុស្ស ដែលតាមឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសភូមា។

លោក Motegi  បានបញ្ជាក់ថា ជប៉ុនស្វាគមន៍ដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រជាជាតិអាស៊ាន ជាពិសេស ឥណ្ឌូនេស៊ី ដើម្បីធ្វើឲ្យស្ថានការណ៍ នៅក្នុងប្រទេសភូមា ល្អប្រសើរឡើង។ ឥណ្ឌូនេស៊ី បានស្វែងរកដំណោះស្រាយ ដោយសន្ដិវិធី នៅក្នុងវិបត្ដិនេះ ដោយអំពាវនាវឲ្យមានកិច្ចប្រជុំកំពូលពិសេសរបស់មេដឹកនាំអាស៊ាន ដោយរួមទាំងភូមា ផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនបាននិងកំពុងដើរតួនាទីតែមួយគត់ ក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យប្រព័ន្ធនយោបាយប្រជាធិបតេយ្យរបស់ភូមារស់រានឡើងវិញ រួមទាំងការដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលទីក្រុងតូក្យូ រក្សាទំនាក់ទំនងនេះ៕

Facebook Comments
Loading...