កម្លាំងសាមគ្គីទាំង៤ភូមិចូលរួមស្ថាបនាផ្លូវនៅភូមិសំរោងកណ្តាលដែលជាថវិការសប្បុរសជន

0
359

ភ្នំពេញ ៖ ការស្ថាបនាផ្លូវនៅភូមិសំរោងកណ្តាល ប្រវែង១៧០ម៉ែត្រត្រូវបានកម្លាំងសាមគ្គីប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារទាំង៤ កម្លាំងព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ដឹកនាំដោយលោកចៅសង្កាត់សំរោង និងមានការចូលរួមពីលោក លោកស្រីអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងផងដែរនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដែលបានថវិការមកពីសប្បុរសជននានា។

ក្នុងឱកាសស្ថាបនាផ្លូវនេះលោកយិន អ៊ីម ចៅសង្កាត់សំរោងបានមានប្រសាសន៍ថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យក្រុមការងារ បន្តរួមចំណែកកសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការស្ថាបនាផ្លូវ១ខ្សែ ប្រវែង១៧០ម៉ែត្រ នៅភូមិសំរោងកណ្ដាល ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋឆ្លងកាត់។

លោកបញ្ជាក់ថា ថវិកាដែលត្រូវចំណាយ ក្នុងការស្ថបនាផ្លូវនេះបានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ ពិសេសសម្តេចព្រះវ័នរត្នកិតិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងព្រះគ្រូអូ សុខអេង ព្រះចៅ​អធិការវត្តសំរោងកណ្តាល រួមក្រុមការងារចុះជួយសង្កាត់សំរោងផងដែរ។

លោក យិន អ៊ីម បានឲ្យដឹងទៀតថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរទៀតផង។

ចៅសង្កាត់ បញ្ជាក់បន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ៕

Facebook Comments
Loading...