ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ទប់ស្កាត់បញ្ហាសំណង់ដែលសាងសង់ដោយពុំមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ

0
244

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ នេះ សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយទប់ស្កាត់បញ្ហា សំណង់ដែលសាងសង់ដោយពុំមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពុំបានសុំច្បាប់ទម្លាប់ត្រឹមត្រូវ កំពុងកើតមាននៅក្នុងមូលដ្ឋាន។

ឆ្លើយតបទៅនឹងសំណើខាងលើ លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅទទួលស្គាល់ថា បច្ចុប្បន្ននេះពិតជាមានសំណង់ដែលសាងសង់ដោយពុំទាន់បានសុំច្បាប់ត្រឹមត្រូវប្រាកដមែន ប៉ុន្ដែសំណង់ទាំងនោះ គឺជាសំណង់តូចតាច ដែលសង់តែ១ជាន់ គឺអឺ០ ប្រក់សង្កសីជាដើម ភាគច្រើននៃសំណង់ទាំងនោះគឺជារបស់ បងប្អូនប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាត ដែលពួកគាត់ចាំបាច់ត្រូវការជម្រកស្នាក់នៅ។ ប៉ុន្ដែរដ្ឋបាលខណ្ឌក៏មិនបណ្ដែតបណ្ដោយ ឲ្យពួកគាត់សង់រំលោភលើចិញ្ចើមផ្លូវ ឬធ្វើឲ្យប៉ះពាល់ដល់ របៀបរៀបរយសណ្ដាប់ធ្នាប់ សាធារណៈនោះដែរ។ ជាមួយគ្នានេះដែរ ក្រុមការងារជំនាញ ក៏បានប្រជុំ រៀបចំផែនការជម្រុញ ម្ចាស់សំណង់ទាំងនោះឲ្យមកសុំច្បាប់ តាមលំដាប់លំដោយមករដ្ឋបាលខណ្ឌផងដែរ។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា ​ខណ្ឌព្រែកព្នៅជាខណ្ឌជាយក្រុង ជាខណ្ឌកំពុងអភិវឌ្ឍ ប្រជាពលរដ្ឋ១ចំនួនបានផ្ទេរ មករស់នៅក្នុងខណ្ឌរបស់យើង ដូចនេះលើវិស័យសំណង់ មានការរីករដុះដាល ។ លើបញ្ហានេះប្រាកដជាមានបញ្ហាប្រឈមជាក់ជាមិនខាន ប៉ុន្ដែកិច្ចការនេះអាស្រ័យលើយើងទាំងអស់គ្នា រួមសហការគា្ន ទើបអាចសម្រេចជោគជ័យបាន។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ទោះជាសំណង់ ខ្លះបានដំណើការសាងសង់ដោយសុំច្បាប់ ត្រឹមតែរដ្ឋបាលសង្កាត់ក្ដី ក៏សំណង់ទាំងនោះត្រូវតែបានរក្សាគម្លាតពីអ័ក្សផ្លូវ មិនអាចសង់រំលោភលើចំណីផ្លូវឡើយ។ នេះជារឿងសំខាន់ព្រោះ នៅពេលអាជ្ញាធរត្រូវការពង្រីកផ្លូវនោះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការខាតបង់មិនខាន។ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រួតជ្រាបពីបញ្ហានេះ រដ្ឋបាលខណ្ឌបានដាក់ប៉ាណូ ព៌តមាន នៅតាមដងផ្លូវនិមួយៗក្នុងមូលដ្ឋាន។

ជាមួយនេះលោក អភិបាលខណ្ឌក៏បានណែនាំ ដល់អាជ្ញាមូលដ្ឋាន សង្កាត់ ភូមិ ត្រូវ ផ្សព្វព៌តមានទាំងឡាយ ពាក់ព័ន្ធទៅនឹងទំហំផ្លូវ ការសាងសង់ត្រូវទុក គម្លាតកុំឲ្យប៉ះពាល់ផ្លូវតាមប្លង់មេ។ សម្រាប់ការចាក់ដី តាមដីឡូតិ៍ជាប់មាត់ផ្លូវ គឺមិនត្រូវចាក់ឲ្យខ្ពស់ជាងផ្លូវឡើយ បើចង់ចាក់ខ្ពស់ជាងផ្លូវគឺត្រូវទុកគម្លាត ៥ម៉ែត្របន្ថែមទៀត។ ចំពោះផ្លូវ១៥២ និង ផ្លូវ៤២ បើចាក់ដីគឺត្រូវដាក់ប្រព័ន្ធលូឲ្យហើយតែម្ដងក្នុងទំហំ៨តឹក ហើយប្រឡាយដែលមានស្រាប់ត្រូវរក្សាទុក ប្រឡាយដែលរាក់ត្រូវស្ដារឡើងវិញ។ ជាមួយនេះត្រូវមើលថែទាំផ្លូវ ប្រព័ន្ធលូឲ្យបានល្អ ព្រោះដំណាក់កាលនេះត្រូវការចំណាយច្រើន ក្នុងការទប់ស្កាត់ការរីរាលដាលនៃជម្ងឺកូវីដ១៩ដូចនេះត្រូវការកាត់បន្ថយលើការចំណាយផ្សេងៗ៕

Facebook Comments
Loading...