អាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣,០០០អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្មកំលុងពេលជំងឺ COVID-19 នេះ

0
897

ភ្នំពេញ ៖ កំលុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺ COVID-19 នេះបានធ្វើឱ្យកម្ពុជាបាននិងកំពុងជួបការប៉ះពាលជាខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឱ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣,០០០អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្ម។ ប្រការនេះធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០,០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។

ទាំងនេះគឺជាការលើកឡើងរបស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមាន ភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ COVID-19។ មុនឈានដល់កិច្ចប្រជុំនេះ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការធ្វើដំណើរដោយកន្លែង Travel Bubble or One way Closed-loop Charted Plane នៅកម្ពុជារួចហើយផងដែរ នេះបើយោងតាមប្រភពពីfacebookរបស់ក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ក្រសួងទេសចរណ៍នឹងពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19។

លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងការជំរុញឱ្យមានការបើកការធ្វើដំណើរដោយកន្លែងនេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះស្នាក់ និងអាជីវកម្មនានានៅកម្ពុជា គឺត្រូវខិតខំថែរក្សាភាពអនាម័យឱ្យបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីទំនុកចិត្តខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិតែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមានជាដើម ជាពិសេសភ្ញៀវទេសចរអន្តរជាតិនៅតាមតំបន់មានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដែលត្រូវជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ ដោយត្រូវមានការឯកភាពពីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។លោកថា ទោះយ៉ាងណាក៏ដោយ សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះអាចអនុវត្តទៅបានលុះណាមានការឯកភាពគាំទ្រពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

Facebook Comments
Loading...