ស្រូវរាប់ពាន់ហិកតានៅក្នុងស្រុក២នៃខេត្តកំពង់ធំ បានសង្គ្រោះទាន់ពេលវេលា

0
8221

កំពង់ធំ ៖ ស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ជាង៣ពាន់ហិកតាបានជួយសង្គ្រោះទាន់ពេលវេលា, ពីកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលការជួយអន្តរាគមន៍សង្គ្រោះស្រូវនាឱកាសនេះពិតជាបានជួយរួមចំណែកលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកសិកម្មនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋមានភាពត្រេកអរជាអនេក និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឱ្យនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ចាត់បញ្ជាកងអន្តរាគមន៍ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី បិទយុទ្ធនាការបូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋស្រុកបារាយណ៍ និងស្រុកតាំងគោក។ ជាងនេះទៅទៀតលោកបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា សកម្មភាពដ៏ថ្លៃថ្លារបស់កងអន្តរាគមន៍ជួយនាំទឹកស្រោចស្រពដល់ស្រូវប្រជាកសិករពេលនេះគឺដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាវៃ ដែលតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយសម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាកឡើយ។ ហើយការជួយអន្តរាគមន៍សង្គ្រោះស្រូវនាឱកាសនេះពិតជាបានជួយរួមចំណែកលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកសិកម្មនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនោងនោះ លោកថោង ខុន ក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការការរីករាលដាលនៃជំងឺកូវីដ១៩ ថែរក្សាសុខភាពដោយការលាងសំអាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ៕

Facebook Comments
Loading...