ជនជាតិចិន២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់បណ្តាលមកពីបើករថយន្តម៉ាកព្រូសបុកជាមួយរថយន្តកុងតឺន័រ

0
337

ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងនោះមានជនជាតិចិនម្នាក់ទៀតនិងស្ត្រីខ្មែរម្នាក់ផងដែរបានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត toyota ព្រូសបុកជាមួយរថយន្តកុងតឺន័រពេញទំហឹងខណៈបើកបរបញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រជាធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុស៣នាក់ និងស្ត្រីខ្មែរម្នាក់ ជិះរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR -3975 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន និងបានបើកវ៉ាជែងមកខាងគន្លងផ្លូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនតេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A -2928 ដែលកំពុងធ្វើដំណើរពីកើតទៅលិចបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំតែម្ដង និងធ្វើឲ្យបុរសម្នាក់គាបជាប់ក្នងរថយន្តនិងម្នាក់ទៀតខ្ទាតចេញពីក្នុងរថយន្តបែកក្បាលស្លាប់ក្នុងថ្លុកឈាមចំនួន២នាក់។ ចំណែកបុរសជនជាតិចិនម្នាក់ និងស្ត្រីខ្មែរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ  តែសពជនជាតិចិនទាំង២នាក់ខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុ តៃកុងរថយន្តកុងតឺន័របានចុះគេចខ្លួនបាត់ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយសហការជាមួយកម្លាំងជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំដោះស្រាយគ្នាតាមច្បាប់។ ដោយឡែកសពជនជាតិចិនទាំងពីរនាក់ត្រូវរថយន្តសាមុយដឹកយកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...