មន្ត្រីថ្នាក់មូលដ្ឋានពិនិត្យ ពិចារណាអោយបានច្បាស់លាស់មុននឹងចាត់ទុកថា ពួកគាត់ជាពលរដ្ឋក្រីក្

0
10552

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានធ្វើការណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ត្រូវតែពិនិត្យ ពិចារណាអោយបានច្បាស់មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថា ការផ្ដល់អំណោយ មិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ វានឹងខាតបង់ បង្កើតអោយមានការឈ្នានីស។

លោកបញ្ជាក់ថា អ្នកដែលវិនិច្ឆ័យចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រ វាជាការសម្រេចចចិត្តរបស់អស់លោកជាប្រធានភូមិចៅសង្កាត់និងក្រុមការងារនៅថ្នាក់មូលដ្ឋាននេះហើយ។ ដូច្នេះត្រូវពិនិត្យមើលបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាង ការដាក់សាច់ឈាម សាច់ញាតិខ្លួនឯង ជាប្រជាជាពលរដ្ឋក្រីក្រ ខណៈដែលពួកគាត់ មានជីវភាពសមរម្យហើយនោះ។ លោកឃួង ស្រេង ថា វាមិនចំណេញប៉ុន្មានទេ បានលុយ៥០០ទៅ៦០០ដុល្លារ នារដូវកូវីដ–១៩នេះ តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងនិងថ្នាក់លើថែមទៀត ហើយពិសេសថែមទៀតនោះ គឺបាត់ទំនុកចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែម្តង។

ការបញ្ជាក់និងណែនាំរបស់លោកឃួង ស្រេង ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១កក្កដា២០២០ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានជម្រុញអោយមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បន្តការផ្សព្វផ្សាយជុំវិញវិធានការទប់ស្កាត់កូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល។

ចំណែកលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រៃព្នៅ បានលើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋាខណ្ឌព្រៃព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងខែមីថុនា ឆ្នាំ២០២០កន្លងមកនេះ ដោយបានការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសកម្មភាពក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ និងការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ–១៩។

លោកបន្តថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានជួយស្ថាបនាផ្លូវចំនួន១២ខ្សែ នៅសង្កាត់ពន្សាំងចំនួន០៩ខ្សែ មានប្រវែង ៩៩៣៤ ម៉ែត្រ អស់ថវិកាជាង៣០ម៉ឺនដុល្លារអាមេរិក នៅសង្កាត់ពញ្ញាពន់មានចំនួន៣ខ្សែប្រវែង២២២៧ ម៉ែត្រអស់ថវិកាចំនួនជាង៧ម៉ឺនដុល្លារ។

បានឧបត្ថម្ភអង្ករចំនួន១០តោន ដល់ខណ្ឌព្រែកព្នៅ សម្រាប់ទុកជូនប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងខណ្ឌ បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ទីស្នាក់ការគណបក្សសង្កាត់គោករកា បានឧបត្ថម្ភអាចម៍ដីចំនួន១០០០ឡានដល់សង្កាត់សំរោង សំរាប់ចាក់បំពេញទីធ្លាសាលាសង្កាត់និងផ្លូវជាប់សាលាសង្កាត់ បាននាំយកទានព្រះវស្សានិងទេយ្យវត្ថុព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១៨វត្ត ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលបានប្រារព្ធធ្វើនៅក្នុងវត្តជេដ្ឋាឧត្តមហៅវត្តគ្រួសនិងសង្កាត់សំរោងខណ្ឌព្រែកព្នៅ។

ដោយឡែកសម្រាប់ថ្ងៃនេះឯកឧត្តមអភិបាលក៏បាននាំយកអង្ករចំនួន២តោនទៅប្រគល់ជូនសង្កាត់ទាំងអស់ក្នុងខណ្ឌព្រែកព្នៅដើម្បីបន្តយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាននេះ ព្រមទាំងបានណែនាំឲ្យអាជ្ញាធរខណ្ឌសង្កាត់ចុះពិនិត្យនៅតាមវត្តអារាមនៅក្នុងមូលដ្ឋានក្រែងជួបនូវបញ្ហាកង្វះខាតនានានៅក្នុងរដូវវស្សានិងក្នុងវិបត្តិជាសកលនេះ៕

Facebook Comments
Loading...