NASA បានបង្ហាញពីបច្ចេកវិទ្យាមួយចំនួនដែលអាចប្រយុទ្ធប្រឆាំងជំងឺ COVID-19លោក ដូណាល់ ត្រាំ

0
34089

វ៉ាស៊ីនតោន ៖ បើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើបទបង្ហាញពីបច្ចេកវិទ្យាមួយចំនួន ដែលខ្លួនបានបង្កើតឡើង ដើម្បីសំដៅជួយដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង ជាមួយការរាតត្បាតនៃជំងឺ COVID-19។

អង្គការ NASA បានបង្ហាញបច្ចេកវិទ្យាចំនួន ០៣ប្រភេទ ដែលក្រុមបុគ្គលិករបស់ទីភ្នាក់ងារអវកាសអាមេរិកនេះ បានចំណាយពេលអភិវឌ្ឍន៍ ឡើងក្នុងរយៈពេលប្រមាណ ០៦សប្តាហ៍ចាប់តាំងតែពី COVID-19 បានផ្ទុះរាលដាលដំបូងៗនៅសហរដ្ឋអាមេរិក ក្នុងនោះរួមមានឧបករណ៍ សម្រាប់ពាក់គ្របលើក្បាលអ្នកជំងឺ ដើម្បីផ្តល់អុកស៊ីសែនក្នុងកម្រិតខ្ពស់ ហើយស្របពេលជាមួយគ្នា ក៏អាចជួយគ្រូពេទ្យកាត់បន្ថយហានិភ័យនៃការឆ្លងពីអ្នកជំងឺ។

ឧបករណ៍មួយទៀត គឺបច្ចេកវិទ្យាសម្រាប់សម្អាត មិនឲ្យមានវត្តមានពពួកមីក្រូសារពាង្គកាយដូចជា បាក់តេរី និងវីរុសជាដើម ដែលត្រូវបានអង្គការ NASA ប្រើប្រាស់ជាទូទៅសម្រាប់សម្អាតយានអវកាសមិនឲ្យមានមេរោគ។ ឧបករណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សម្អាតសាលារៀន ពន្ធនាគារ និងហាងលក់ដូរនានា ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត។ សម្រាប់ការប្រើប្រាស់វិញ គឺគ្រាន់តែទុកឧបករណ៍នោះចោល នៅកន្លែងដែលគេចង់សម្អាត វានឹងបញ្ចេញចំហាយផ្សែង ទៅប៉ះគ្រប់កន្លុកកន្លៀតទាំងអស់។

សម្រាប់ឧបករណ៍ចុងក្រោយវិញ គឺជាម៉ាស៊ីនជួយការដកដង្ហើមប្រភេទថ្មី ដែលរចនាឡើងដោយមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវបច្ចេកវិទ្យារបស់ NASA គឺ JPL (Jet Propulsion Laboratory)។ ម៉ាស៊ីនដកដង្ហើមនេះ ត្រូវបានអភិវឌ្ឍន៍ជាពិសេសសម្រាប់អ្នកជំងឺ COVID-19 តែម្តង ដែលត្រូវការម៉ាស៊ីនដែលផ្តល់សម្ពាធខ្ពស់។

គួរជម្រាបថា នាយកទីភ្នាក់ងារអវកាស NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បាននាំយកឧបករណ៍ទាំងនេះទៅកាន់សេតវិមាន ដើម្បីធ្វើបទបង្ហាញជូនដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរ៕

 

Facebook Comments
Loading...