កីឡាករកម្ពុជា៣នាក់មានរឿង សោ​ភ័​ណ្ឌ អេលិត ភក្តី និងទេស ជីវ៉ា ជួបកីឡាករថៃមកសុំ​សាកស្នៀតគុន

0
777

ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា រឿង សោ​ភ័​ណ្ឌ សិស្សគុនរបស់ក្លិប​មកុដ​រាជសីហ៍​ និងអេលិត ភក្តី អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ ព្រមទាំងកីឡាករទេស ជីវ៉ា ​អ្នក​ប្រដា​ល់របស់ក្លិបកងពលលេខ៧០ ត្រូវឡើងស្វាគមន៍អ្នកប្រដា​ល់ជនជាតិថៃ៣​នាក់ មានកីឡាករផ្លាំងនុម កីឡាករភិសាយឈុន និងកីឡាករហ្វាស៊ីងថង មកសុំ​សាកក្បាច់ខ្មែរបុរាណ លើសង្វៀន​ស៊ីអិនស៊ី នា​​ថ្ងៃ​សៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ។

កីឡាកររឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​បរទេស​អស់​ជាច្រើន​នាក់មក​ហើយ គេ​មាន​កណ្ដាប់ដៃ​ធ្ងន់ រហ័ស ជាពិសេស​ស្នៀត​ជើង​របស់​គេ​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ចំណែកកីឡាករផ្លាំងនុម ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជាច្រើនដងមកហើយ មានឈ្នះចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។ គេ​នៅ​ចាំ​បាន​ថា ស្នៀតប្រដាល់របស់អ្នក​ប្រដាល់​ថៃ​រូប​នេះ មិនជា​ខ្លាំង​ហើ​យក៏​មិន​ជាខ្សោយ​នោះ​ដែរ គេមានកាយសប្បទារឹងមាំ កម្លាំងស៊ុហ្វវាយ៥ទឹកគឺមិន​ស្រុត​​នោះ​ឡើយ។ ចាំ​មើលរឿង សោ​ភ័​ណ្ឌ ជាអ្នកឈ្នះ​ឬ​កីឡាករថៃផ្លាំងនុម​?។

ចំណែកកីឡាករអេលីត ភក្តី ត្រូវជួបជាមួយកីឡាករថៃភិសាយឈុន ក្នុង​ប្រ​ភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយអេលីត ភក្តី គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត ភក្តី បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កីឡាករអេលីត ភក្តី មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត ភក្តី និងថៃភិសាយឈុន នេះមិនមាន​នរ​ណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករទាំងពីរនរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករទេស ជីវ៉ា ជួបប្រកួតជាមួយកីឡាករថៃហ្វាស៊ីងថង ក្នុង​ប្រ​ភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាស្រុកខ្មែរច្រើនលើកមកហើយ ស្នៀតរបស់គេគឺជើងទាត់កាត់ ​ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។ កីឡាករទេស ជីវ៉ា នេះត្រូវបានមតិជាច្រើន ពីអ្នក​តាមដានប្រដាល់ លើកឡើងថាជាគូរប្រកួតជក់ចិត្តមិនខាន ព្រោះកីឡាករថៃហ្វាស៊ីងថងនិងទេស ជីវ៉ា ពួកគេខ្លាំងខាងស្នៀតជើងទាត់ និងជង្គង់ ដូចគ្នា។ ក្នុងជុំនួបគ្នា​រវាងកីឡាករទាំង២នាក់​នេះ​ បើកីឡាករ​រូប​ណា​វាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតនេះ​កីឡាករទេស ជីវ៉ា ជាអ្នកឈ្នះឬកីឡាករថៃហ្វាស៊ីងថង?៕

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 82
Facebook Comments
Loading...