រដ្ឋបាលខណ្ឌព្រែកព្នៅរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីជូនទៅដល់លោកគ្រូ អ្នកគ្រូ សរុបចំនួន៤៥៩នាក់

0
72

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីជូនទៅដល់ នាយក នាយករង នាយិកា នាយិការង និងលោកគ្រូ អ្នកគ្រូ សរុបចំនួន៤៥៩នាក់ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីលោកនាង សាខន ប្រធានការិយាល័យអប់រំខណ្ឌបានធ្វើរបាយការណ៍សង្ខេបរួចមក លោកសុខ សម្បត្តិ ជំនួយការសម្តេចតេជោបានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ និងដើម្បីបង្កើនភាពស្និតស្នាល ទំនាក់ទំនងល្អ បន្ថែមទៀត។

លោកបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។ ជាងនេះទៅទៀតលោកសុខ សម្បត្តិ បានលើកពីទង្វើខុសច្បាប់ របស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកដើម្បីកុំឲ្យបងប្អូនមានការភាន់ច្រឡំស្ដាប់តាមការញុះញង់ទៅប្រព្រឹត្តិអំពើខុសច្បាប់មានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួន។

លោកបញ្ជាក់ថា ជាទូទៅទណ្ឌិតសម រង្ស៊ី និងបក្សពួកគេតែងតែឃោសនាបំភ្លៃ បំប៉ោងការពិតក្នុងសង្គម ញុះញង់ អុជអាល ប៉ុនប៉ង បង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គមធ្វើឲ្យប៉ះពាល់ដល់សន្ដិភាពស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ក្រុមខ្លួន។ លើសពីនេះពួកគេបានរៀបចំគម្រោងផែនការ ជាប្រព័ន្ធធ្វើបដិវត្តន៍ព័ណ៌ដោយបានបំផុសបំផុលប្រមូលកម្លាំង ប្រជាជនឲ្យធ្វើការទាមទារតវ៉ា ឲ្យរាជរដ្ឋាភិបាល ចុះចេញពីដំណែង ដែលជាសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រប្រសូត្រចេញពីការបោះឆ្នោត ស្របតាមគោលការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

នៅក្នុងឱកាស់នោះលោកអភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់សូមកុំស្ដាប់តាមការញុះញង់ និង ចូលរួមសកម្មភាព ជាមួយទណ្ឌិតសម រង្ស៊ី និងបក្សពួក ព្រោះសកម្មភាពទាំងនោះគឺជាទង្វើ ខុសច្បាប់ដែលត្រូវផ្ដន្ទាទោស ហើយទាំងអស់គ្នា សូមត្រៀមលក្ខណៈចូលរួម ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានស្ថិតស្ថេរ គង្សវង្ស។

ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។ គួរបញ្ជាក់ថាក្នុងពិធីសំណេះ​សំណាលនេះ រដ្ឋបាលខណ្ឌបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូដែលចូលរួមក្នុងម្នាក់ៗទទួលបានថវិកា២០ ០០០រៀល៕

Facebook Comments
Loading...