វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របសក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដើម្បីដោះស្រាយទុក្ខ កង្វល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0
790

ភ្នំពេញ ៖ ប្រជាពលរដ្ឋតាមបណ្ដាភូមិ ជាច្រើន នៅក្នុងសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ បានបង្ហាញពីកង្វល់របស់ខ្លួន ដោយផ្ដោតជាសំខាន់ទៅលើបញ្ហាទឹកស្អាត បញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន គ្រឿងញៀន និងផ្លូវ ជាបញ្ហាចំបងចំពោះមុខ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវត្តជេដ្ឋាឧត្តមហៅវត្តគ្រួស ក្នុងសង្កាត់សំរោង នៃវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ។

តំណាងប្រជាពលរដ្ឋនៅភូមិគ្រួស ក្នុងសង្កាត់សំរោង បានលើកឡើងថា ភូមិរបស់គាត់ពុំទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ នៅឡើយ។ បច្ចុប្បន្ន នេះពួកគាត់ ប្រើប្រាស់ ទឹកឯកជនពីក្រុមហ៊ុនឯកជនដែលមានតម្លៃខ្ពស់ និងពុំមានគុណភាពល្អដូចទឹករបស់រដ្ឋនោះឡើយ។ ចំណែកប្រជាពលរដ្ឋនៅភូមិសំរោងកណ្ដាល បានសំណូមពរឲ្យរដ្ឋបាលខណ្ឌជួយធ្វើផ្លូវជូនពួកគាត់ផងដែរ ដោយនៅពេលភ្លៀងធំម្ដងៗ ផ្លូវ១ចំនួន ស្ថិតក្នុងភូមិមានភាពរអិល បង្កការលំបាក ក្នុងការធ្វើដំណើរ។ ចំណែកប្រជាពលរដ្ឋនៅភូមិសំរោងជើងវិញ ពួកគាត់បានសំណូមពរ ដល់អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សាខណ្ឌ សូមកុំពង្រីកផ្លូវធំពេកព្រោះវា ប៉ះពាល់ខ្លាំង ដល់ផ្ទះរបស់ពួកគាត់។ផ្លូវនេះក្នុងគម្រោង ត្រូវពង្រីក ៣ម៉ែត្រម្ខាងបន្ថែមទៀតខណៈដែលផ្លូវបច្ចុប្បន្ន​មានទទឹង៦ម៉ែត្រស្រេចទៅហើយនោះដោយពួកគាត់សុំពង្រីកត្រឹមតែ ១ម៉ែត្រ៧តឹកម្ខាងប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងសំណូមពរក្នុងការ ស្នើសុំទឹកស្អាតប្រើប្រាស់នេះ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា បញ្ហាទឹកស្អាតនេះនៅក្នុងខណ្ឌព្រែកព្នៅ ទាំងមូលក្នុងចំណោមសង្កាត់ទាំង៥ គឺមានតែសង្កាត់គោករកាប៉ុណ្ណោះដែលមានទឹកស្អាតរបស់រដ្ឋ ប្រើប្រាស់តែក៏ពុំទាន់បានគ្រប់ភូមិនៅឡើយដែរ។ចំណែកសង្កាត់៤ទៀត​ រួមទាំងសាលាខណ្ឌផង គឺប្រើប្រាស់ទឹកឯកជនដូចគ្នា។

លោក អភិបាលខណ្ឌបន្ដថា ចំពោះទឹកស្អាតដែលផ្គត់ផ្គង់នៅខណ្ឌព្រែកព្នៅនេះក្រុមហ៊ុនឯកជនបានឯកភាពប្រគល់ទៅឲ្យក្រសួងជាអ្នកគ្រប់គ្រងវិញហើយ។ លោក បញ្ជាក់ថា ក្នុងក្របខណ្ឌទូទាំងខណ្ឌតែម្ដងលើបញ្ហាទឹកស្អាតនេះ រាជរដ្ឋាភិបាល បានចេញជាគោលការណ៍រួចហើយ ដោយបានផ្ដល់ដីចំនួន១៥ហិកតាជូនដល់ រដ្ឋករទឹកស្វ័យយ័តរាជធានីភ្នំពេញ សម្រាប់កសាងរោងចក្រផលិតទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅតំបន់នេះប្រើប្រាស់។ ឥឡូវនេះខាងរដ្ឋករទឹកស្វ័យយ័តកំពុងបុកគ្រឹះ ដំណើរការអនុវត្តគម្រោង ហើយ។ នៅពេលដែលរោងចក្រនេះដំណើរការហើយ បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅលែងមានបញ្ហាពីការ ខ្វះទឹកស្អាតប្រើប្រាស់ហើយ ដូចនេះសូមបងប្អូនមានការយោគយល់សម្រាប់ចន្លោះពេលដែលរោងចក្រមិនទាន់ដំណើរការ។

ចំពោះផ្លូវវិញ លោកសុខសម្បត្តិបញ្ជាក់ថា ជារៀងរាល់ឆ្នាំសង្កាត់ក៏ដូចជាខណ្ឌ មានកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប៉ុន្ដែថវិកានេះពុំគ្រប់គ្រាន់សម្រាប់សង្កាត់ និងខណ្ឌ ដែល មានវិសាលភាព ធំទូលាយនោះឡើយ។ ដូចនេះសូមបងប្អូនមានការយោគយល់ព្រោះថវិកាមានកម្រឹត បញ្ហា ដែលបងប្អូន លើកឡើងគឺសុទ្ធតែមានក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់ ប៉ុន្ដែគម្រោងណាដែលអាទិភាព ត្រូវបានអនុវត្តន៍មុន ឯគម្រោងខ្លះទៀត សង្កាត់បញ្ជូនទៅថ្នាក់ខណ្ឌ ព្រោះខណ្ឌក៏មានគម្រោងអភិវឌ្ឍនេះដែរ។ដោយឡែកចំពោះសំណើររបស់ប្រជាពលរដ្ឋនៅភូមិសំរោងជើង ដែលសុំឲ្យអាជ្ញាធរកុំពង្រីកផ្លូវធំពេកនោះ លោកអភិបាលខណ្ឌអះអាងថា លោកនិងយកសំណើរនេះទៅ ពិភាក្សាជាមួយថ្នាក់សង្កាត់ និងមន្ដ្រីជំនាញថ្នាក់ខណ្ឌ ដើម្បីពិចារណារកដំណោះស្រាយដ៏ល្អ១ ដែលអាចទទួលយកបានទាំងអស់គ្នា៕

Facebook Comments
Loading...