ប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញដើម្បីជួយជំរុញជីវភាពបន្ថែម

0
39

កំពង់ធំ ៖ លោកថោង ខុន បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលតម្បាញនានា ដើម្បីជួយជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ផងដែរ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា នាឱកាសនោះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍បកគ្រាប់ស្វាយចន្ទី នៅមានសកម្មភាពមកដល់ពេលបច្ចុប្បន្ននេះ ដោយបានជួយបណ្តុះបណ្តាលដល់សហគមន៍ផ្សេងៗ ដូចជានៅខេត្តព្រះវិហារ រតនគិរី និងខេត្តកំពង់ធំ។

ជាមួយគ្នានេះ ក៏មានការមកបណ្តាក់ទុនចូលមកសមាគមន៍ ឱ្យបកគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ ដោយថ្មីៗនេះមានកិច្ចសន្យាបកគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនអាល្លឺម៉ង់ និងបានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនថៃ ដើម្បីបកគ្រាប់ស្វាយចន្ទី សម្រាប់ផែនការរយៈពេល៥ឆ្នាំ។

លោកប្រធានមន្ទីរបានបន្តថា ទោះបីមានលទ្ធភាពអាចបកគ្រាប់ស្វាយចន្ទី ប៉ុន្តែសមាគមន៍នៅមានការខ្វះទុនសម្រាប់ការទិញគ្រាប់ស្តុកក្នុងឃ្លាំង ដើម្បីដំណើរការបកគ្រាប់ស្វាយចន្ទីនេះនោះឡើយ។ ជាមួយគ្នានោះ តំណាងប្រជាសហគមន៍ក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងដំណើរការសិប្បកម្មខាងលើផងដែរ។

ក្រោយពីស្ដាប់បាននូវរបាយការណ៍ និងការលើកឡើងរបស់ប្រជាសហគមន៍រួចមក លោកមរដ្ឋមន្ត្រី ថោង ខុន បានចេញដំណោះស្រាយភ្លាមៗ ដោយបញ្ជាទៅមន្ត្រីជំនាញដែលមានលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ត្រូវចុះជួយសម្រួលមធ្យោបាយជូនប្រជាសហគមន៍ឱ្យបានសម្រេច ហើយការងារចំពោះមុខបញ្ហានេះ គឺខ្វះទុនវិនិយោគ ដើម្បីពង្រីកសកម្មភាពសិប្បកម្មបន្ថែម។

ក្នុងនោះផងដែរលោកថោង ខុន ក៏បានឯកភាពគ្នាជាមួយលោកសុខ លូ នៅចំពោះមុខ​ប្រជាសហគមន៍ផងដែរ ដោយប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនេះ ឱ្យបានសម្រេចជាផ្លែផ្កា។ចំពោះសិប្បកម្មតម្បាញរពាក់ទៀតសោត ត្រូវបានលោក សេង អាន លើកឡើងថា នៅមានសកម្មភាពដំណើរការជាប្រចាំ ប៉ុន្តែបច្ចុប្បន្ននេះវត្ថុធាតុដើមក្នុងការផលិតកាន់តែតិចទៅៗ ធ្វើឱ្យមានការលំបាកដល់ដំណើរការផលិត។ បញ្ហានេះក៏ទទួលការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តផងដែរ។

ជាងនេះទៅទៀតលោកក៍បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលតម្បាញនានា។

ក្រៅពីនោះ លោករដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសិប្បកម្មផលិតស្ករត្នោត ទឹកសណ្តែក តម្បាញក្រមាសូត្រ ផ្ទះស្នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាលក់ម្ហូបអាហារជាដើម។

លោក ថោង ខុន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុក ខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ធ្វើជាវត្ថុធាតុដើមក្នុងការផលិតជាផលិតផល សេវាកម្មម្ហូបអាហារ ដើម្បីបម្រើដល់តម្រូវការភ្ញៀវទេសចរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បន្ថែមលើគុណភាពសេវា អនាម័យចំពោះផលិតផលរបស់ខ្លួន ដែលលក់ជូនភ្ញៀវទេសចរ ដើម្បីអន្ទងចិត្តពួកគេឱ្យមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក នាពេលក្រោយៗទៀត ព្រមទាំងជំរុញទឹកចិត្តឱ្យពួកគេជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងតំបន់នេះផងដែរ៕

Facebook Comments
Loading...