លោកផែង វណ្ណៈ ត្រូវបានចៅក្រមសាលាដំបូងសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស

0
39

ភ្នំពេញ ៖ នាវេលាថ្ងៃត្រង់ទី ០៣មេសា ឆ្នាំ២០១៩នេះ លោកកឺ ម៉ាណេរ៉ា ចៅ​ក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកផែង វណ្ណៈ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន តាមការចោទប្រកាន់របស់តំណាងអយ្យការ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមកតំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី ។

សេចក្ដីសម្រេចចោទប្រកាន់នេះបានធ្វើឡើងក្រោយពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមតុលាការបានសាកសួរលោកផែង វណ្ណៈ តាំងពីល្ងាចថ្ងៃទី ០២មេសារហូតដល់ពេញមួយព្រឹកថ្ងៃទី ០៣មេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនលោកផែង វណ្ណៈ តាមដីកាបញ្ជារបស់លោក អ៊ុ  សុភក្ដិ ព្រះរាជអាជ្ញារងអមតុលាការ។

គួរបញ្ជាក់ថា លោកផែង វណ្ណៈត្រូវបានសមត្ថកិច្ចអាវុធហត្ឋលើផ្ទៃប្រទេសចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ០២មេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោកអ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការបង្ហើបពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ផែង វណ្ណៈ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភក្តិ បានចេញដីកាបញ្ជាឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈទំព័រ page facebook ដែលមានឈ្មោះPheng Vannak News  កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ហើយការចេញដីកាបញ្ជាឱ្យចូលខ្លួនបំភ្លឺរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺលោក គី តិច បានដាក់ពាក្យប្ដឹងចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដើម្បីប្ដឹងឈ្មោះ ផែង វណ្ណៈ ដោយអះអាងថា ឈ្មោះ ផែង វណ្ណៈ ពិតមានចេតនាទុច្ចរិតប្រើប្រាស់មធ្យោបាយទូរគមនាគមន៏សោតទស្សន៏របស់ខ្លួន ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈលើសម្ដេចតេជោ ហ៊ុន សែន  ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

Facebook Comments
Loading...