រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ស្នើរ ADB បន្តគាំទ្រការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរ និងឦសាននិងតំបន់សហគមន៍នានា

0
100

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លើកឡើងពីសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ពិសេសនៅតំបន់ឆ្នេរ តំបន់ភាគឦសាន និងតំបន់សហគមន៍នានា ហើយបានស្នើធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បន្តគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ សហគមន៍ទេសចរណ៍នៅតំបន់ឆ្នេរ និងតំបន់ឦសាន រួមចំណែកដល់ការលូតលាស់បៃតងនៅកម្ពុជា (Green Growth) ជាពិសេសស្នើឲ្យជួយគាំទ្រដល់រៀបចំ និងអភិវឌ្ឍន៍កីឡាទេសចរណ៍លើទឹកនៅតំបន់ឆ្នេរផងដែរ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ការស្នើបែបនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន ជាមួយលោកស្រី Sunniya Durani-Jamal ប្រធាន ADB CARM នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ពិសេសនៅតំបន់ឆ្នេរ តំបន់ភាគឦសាន និងតំបន់សហគមន៍នានា ដូច្នេះហើយបានជាលោកស្នើទៅកាន់តំណាងធនាគារដ៏ធំមួយនេះ ជួយគាំទ្រដល់ការអភិវឌ្ឍនៅតំបន់ទាំងនោះ។

ក្នុងនោះផងដែរលោករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគី ADB ថាបច្ចុប្បន្ន ក្រសួងទេស​ចរណ៍ បាននិងកំពុងអនុវត្តគម្រោងចំនួន២ ទី១គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេស​ចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM (SF) ដិយផ្តោតលើ។ ការកសាងកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត និងកំណាត់ផ្លូវតភ្ជាប់ ការធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថានជុំវិញផ្សារក្តាមខេត្តកែប ដូចជា ប្រព័ន្ធចម្រោះទឹកស្អុយ បង្គន់អនាម័យ មណ្ឌលព័ត៌មានទេសចរណ៍ ឃ្លាំងផ្ទុកសម្ពារៈ អគារសន្តិសុខ អណ្តូងទឹក ប្រព័ន្ធប្រឡាយ សួនច្បារ។ ការពង្រឹងសមត្ថភាពក្នុងការគាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍ ដូចជា ការអភិរក្សបេតិកភណ្ឌ និងការលើកកម្ពស់ការយល់ដឹងការរៀបចំអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍គំរូនៅខេត្តគោ​លដៅ។ ការកសាងសមត្ថភាពគ្រូបង្គោលស្តង់ដាទេសចរណ៍អាស៊ាន លើជំនាញគេហកិច្ច ការផ្តល់សេវាភេសជ្ជៈ និងម្ហូបអាហារ និងបដិសណ្ឋារកិច្ច និងការិយាល័យជួរមុខ។

ទី២៖ គម្រោង GMS TIIG II No. 3701-CAM (COL)៖ គម្រោងនេះត្រូវបានចូលជាធរមាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានធាតុចេញចំនួន៣៖*ធាតុចេញទី១៖ ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាបរិស្ថានទីក្រុង (១) កសាងប្រព័ន្ធគ្រប់គ្រងសំណល់រឹងនៅខេត្តកែប (២) ការកសាងផ្លូវបណ្តោយឆ្នេរប្រមាណ ៨គីឡូម៉ែត្រ និងការរៀបចំសេវាបរិស្ថាន និងសម្បទាផ្លូវ (៣) ការកសាងកំពង់ផែទេសចរណ៍នៅខេត្តព្រះសីហនុ និងនៅលើកោះរ៉ុង និងផ្លូវដើរមាត់សមុទ្រ។ ធាតុចេញទី២៖ ការពង្រឹងសមត្ថភាព និងការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំង០៤។ ធាតុចេញទី៣៖ ការពង្រឹងសមត្ថភាពក្នុងការគាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ការបណ្តុះបណ្តាលជំនាញ និងការពង្រឹងសេវាកម្មទេស​ច​រណ៍ ការផ្សព្វផ្សាយគោលដៅ និងទីផ្សារទេសចរណ៍។

តាមការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងនេះចែកជា២ផ្នែក ១៖ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទេសចរណ៍ ជាផ្នែកសំខាន់ ត្រូវអនុវត្តដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ២៖ការពង្រឹងសមត្ថភាព និងការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន អនុវត្តដោយក្រសួងទេសចរណ៍។

ជាការឆ្លើយតប លោកស្រី Sunniya Durani-Jamal បានទទួលយកនូវសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ដើម្បីបញ្ចូលក្នុងយុទ្ធសាស្ត្រជាដៃគូអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០២០-២០២២ ខាងមុខ៕

Facebook Comments
Loading...