រដ្ឋបាលខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា បានប្រារព្វពិធីបើកការដ្ឋានស្ថាបនាផ្លូវ២ខ្សែ

0
1958

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះរដ្ឋបាលខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា បានប្រារព្វពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុងប្រវែង២៩០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូង និងជួសជុលផ្លូវដោយចាក់ខ្សាច់ភ្នំប្រវែង១៧០៧ ទទឹង៥ម៉ែត្រ ក្នុងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលប្រជាពលរដ្ឋនាខណៈនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា  ផ្លូវមានសារៈសំខាន់បំផុត សម្រាប់ ប្រជាពលរដ្ឋ ដែលជួយបំពេញនូវតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ របស់របស់បងប្អូន ក្នុងមូលដ្ឋាន។

លោកអភិបាលខណ្ឌបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្ដិភាពបរិបូរ បានផ្ដល់ឱកាសធ្វើឲ្យយើងពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខណ្ឌ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមគ្គុទេសភាពជាអ្នកដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវេងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តបេសកកម្មមិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងកសាងបាននូវសុខសន្តភាពទូទាំងប្រទេស ថែមទាំងអាចកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសន្ទុះមួយយ៉ាងលឿន ឆាប់រហ័សក្នុងពេលដ៍ខ្លី ជាពិសេសគឺជាការសម្រេចបាននូវការអភិវឌ្ឍន៍សង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខណ្ឌសូមធ្វើការវាយតម្លៃខ្ពស់ចំពោះជោគជ័យយ៉ាងធំធេងក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ដែលធ្វើឲ្យកម្ពុជាទទួលបាននូវកិត្យានុ​ភាពកាន់តែច្រើនថែមទៀតលើឆាកអន្តរជាតិ។ជាថ្វីម្តងទៀតក្នុងនាមរដ្ឋបាលខណ្ឌ និងសង្កាត់ខ្ញុំសូមថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅចំពោះលោកអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលតែងតែផ្តល់នូវទំនុកចិត្តមកលើរដ្ឋបាលខណ្ឌ សង្កាត់ ឈរលើមូលដ្ឋានកម្មវិធីនយោបាយច្បាស់លាស់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំគោលនយោបាយ វិមជ្ឈការ និងសហវិមជ្ឈការ ដើម្បីផ្តល់ភាពងាយស្រួលដល់មូលដ្ឋានផ្ទាល់ ពោលគឺការផ្តល់ភាពជាម្ចាស់ដល់មូលដ្ឋាន ភូមិ សង្កាត់ ក្នុងការអភិវឌ្ឍន៍ ដោយឈរលើមូលដ្ឋាន នៃបទដ្ឋានគតិយុទ្ធនានាក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង។

ទន្ទឹមនិងនេះ ខ្ញុំសូមថ្លែងអំណគុណចំពោះមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ មន្ត្រីបច្ចេក​ទេសគាំទ្រសង្កាត់ លោកចៅសង្កាត់លោកមេភូមិ និងបងប្អូនទាំងអស់នៅក្នុងមូលដ្ឋានដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន រហូតលេចចេញជារូបរាងដែលនិងត្រូវបើកការដ្ឋាន ជាផ្លូវការនាពេលនេះ។

ជាចុងក្រោយលោក អភិបាលខណ្ឌបានណែនាំ ដល់ចៅសង្កាត់  គណៈកម្មការគ្រប់គ្រងគម្រោង ត្រូវតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនដែលទទួលក្នុងការអនុវត្តគម្រោង ត្រូវហ៊ានសរសេរនូវរាល់ចំណុចអសកម្មទាំងឡាយណារបស់ ក្រុមហ៊ុន មិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅតាមដានការដ្ឋាន។  ចំណែកក្រុមហ៊ុនវិញ ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធ៌ម គោរពឲ្យបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ នូវកិច្ចសន្យាទទួលការដែលបានចុះហត្ថលេខារួច។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវដាក់ប្រព័ន្ធលូ ដាក់ទុយោទឹក ឆ្លងកាត់ផ្លូវត្រូវរួសរាន់រៀបចំដាក់ឲ្យបានមុនការចាក់បេតុង កុំចាំផ្លូវចាក់បេតុងហើយ កាត់គាស់បេតុងឡើងវិញនោះមិនល្អឡើយ ព្រោះអាចធ្វើឲ្យផ្លូវឆាប់ខូចមិនអាចប្រើប្រាស់បានយូរអង្វែង៕

Facebook Comments
Loading...