ស្ពានអាកាសទី៧ នឹងលេចជារូបរាង នៅម្តុំច្រមុះជ្រូកក្បាលថ្នល់ ជាមួយនិងផ្លូវ៦០ម៉ែត្រ

0
1235

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មី មួយកន្លែងទៀត នៅច្រមុះជ្រូកក្បាលថ្នល់ ជាមួយនិងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី គម្រោងនៃការស្ថាបនាស្ពានអាកាសថ្មីមួយទៀតនេះ នូវមិនទាន់ឈានដល់ការបើកការដ្ឋានស្ថាបនានូវឡើយទេ ដោយហេតុតែការដោះស្រាយផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ ដូច្នេះហើយ ទើបនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាមួយ ជាមួយអាជ្ញាធរខណ្ឌ មន្ត្រីជំនាញនិងតំណាងក្រុមហ៊ុនទទួលការសាងសង់ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នាជំរុញការដោះស្រាយផលប៉ះពាល់នេះអោយបានលឿន។

លោក មាន ចាន់យ៉ាដា ក្នុងកិច្ចប្រជុំនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរដែនដី មន្ទីរជំនាញយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ឲ្យបានលឿនទៅតាមអ្វីដែលយើងអាចធ្វើបាន ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះ ឈានដល់ការបើកការដ្ឋានឆាប់ៗ ដោយហេតុថា តំបន់ខាងលើនេះបាននឹងកំពុងប្រឈមនឹងកកស្ទះចរាចររាល់ថ្ងៃ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សារួចហើយ ពោលគឺនៅតែរឿងដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋនេះឯង បើការដោះស្រាយត្រូវរ៉ូវគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានតែម្តង។ លោកបញ្ជាក់ថា ក្រោយការស្ថាបនាស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ ជាមួយនិងផ្លូវ៦០ម៉ែត្រនេះរួចនឹងអាចដោះស្រាយការកកស្ទះនៅតំបន់ក្បាលថ្នល់នេះ បានយ៉ាងរលូតជាក់ជាមិនខាន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាស ចំនួន៦កន្លែងហើយ គឺស្ពានអាកាសក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ, ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ, ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ នៅរង្វង់មូលចោមចៅ ដែលបាននឹងកំពុងបើកការដ្ឋានយ៉ាងញាប់ដៃញាប់ជើងនោះ ហើយបើការដោះស្រាយផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅច្រមុះជ្រូកក្បាលថ្នល់ ជាមួយនិងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមានជ័យ និងខណ្ឌចំការមន នោះការដ្ឋានស្ពានអាកាសទី៧ នឹងលេចជារូបរាងហើយ៕


Facebook Comments
Loading...