សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

0
981

នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។

នៅក្នុងជំនួបនេះ លោក Krasae Chanawongse បានអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅនេះ ដែលទទួលបានជោគជ័យ និងដំណើរការទៅបានយ៉ាងល្អឥតខ្ចោះ។

ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់សម្តេចតេជោផង និងក៏បានរាយការណ៍ជូនសម្តេចអំពីមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីផង និងជូនអាហារូបករណ៍ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងបានជម្រាបជូន ពីបំណង ក្នុងការបង្កើតសាខាសាលកវិទ្យាល័យរបស់លោក ក្នុព្រះរាជាណាចក្រកម្ពុជាផង។

ជាការឆ្លើយតបសម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះលោក Krasae Chanawongse ដែលបានតាមដាន យ៉ាងយកចិត្តទុកដាក់ និងបានអបអរសាទរកម្ពុជា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតកន្លងទៅ។ សម្តេចក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក Krasae Chanawongse ដែលយកចិត្តទុកដាក់ ចង់ចងក្រងអំពីប្រវត្តិរបស់សម្តេច ហើយក៏បានជម្រាបជូន លោក Krasae Chanawongse អំពីការត្រៀមរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី នោះគឺសភាកម្ពុជា បានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាហើយ ក្នុងការចូលរួមជាសមាជិក ហើយកម្ពុជាក៏មានគណៈកម្មាធិការ បង្ការគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះ អាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌល ត្រៀមបង្កាគ្រោះមហន្តរាយនេះ។ ជារួមកម្ពុជាបានត្រៀមខ្លួនជាស្រេច ជាសមាជិករបស់គណៈកម្មាធិការ។

ដោយឡែក ចំពោះការផ្តល់អាហារូបករណ៍ សម្តេចតេជោបានអរគុណចំពោះ លោក Krasae Chanawongse ផងដែរថា នេះគឺជាកត្តាសំខាន់ ចំពោះកម្ពុជា ព្រោះកម្ពុជាកន្លងមក ទទួលបានជោគជ័យ ដោយសារតែការបណ្តុះបណ្តាល លើធនធានមនុស្សបានល្អៗនេះឯង។

សម្តេចតេជោ បានអរគុណចំពោះការផ្តល់ជូនអាហារូបករណ៍ចំនួន១០កន្លែង ដែលមានឈ្មោះរបស់សម្តេចនេះ ហើយពាក់ព័ន្ធនឹងការបង្កើតសាខាសាកលវិទ្យាល័យ របស់លោក Krasae Chanawongse នៅក្នុងប្រទេសកម្ពុជានោះ សម្តេចក៏បានស្វាគមន៍ផងដែរ៕

Facebook Comments
Loading...