សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាននាំយកអំណោយជាលើកទី២មកចែកជូនប្រជាជនក្នុងខេត្តត្បូងឃ្មុំដោយផ្ទាល់

0
1109

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨នេះ រអញ្ជើញចុះសាកសួរសុខទុក្ខ នឹងចែកអំណោយសប្បុរសធម៌ជូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន២ពាន់៦៧១គ្រួសារ។

ការចែកអំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជានាពេលនេះ បានធ្វើឡើងនៅលើទួលសុវត្តិភាពក្នុងភូមិទី៥ ចំការគរឃំុកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មំុ។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់ជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់ និងបាននាំមកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ក្នុងទិវា ៨ ឧសភា។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា ឱ្យបន្តចុះតាមដាន និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំងឱ្យបានទាន់ពេលវេលា ទាំងក្នុងពេលទឹកឡើង និងពេលទឹកស្រកទៅវិញ។ ទន្ទឹមនេះ សម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព រស់នៅមានអនាម័យ ដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ហើយឆាប់ប្រកបមុខរបរបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញ នៅក្រោយពេលទឹកស្រក។

អំណោយដែលនាំយកមកចែកជូនពលរដ្ឋរងគ្រោះក្នុងខេត្តត្បូងឃ្មុំនាេលនេះ រួមមាន អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ជូនថា ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន 2671គ្រួសារ ខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មំុ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ទៅតាមតំបន់គោលដៅរងគ្រោះនូវស្បៀង និងសម្ភារប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ១៣៦១គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅឃំុព្រែកអាជីដែលមាន៦ភូមិក្នុងស្រុកក្រូចឆ្មារផងដែរ ៕

Facebook Comments
Loading...