សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរីមួយក្រុម ជំរិតទារប្រាក់ចំនួន10500$ ជាថ្នូរនឹងការដោះលែងរថយន្តបាកុងដឹកឈើចំនួន៣គ្រឿង

0
1291

ក្រចេះ៖ សមត្ថកិច្ចខេត្តមណ្ឌលគិរីចំនួន៣នាក់ ទី1-ឈ្មោះ ផន ជាទាហានដឺបេ ទី2-ឈ្មោះ ស៊ុម លឹម ហៅ វឿន ជាសមត្ថកិច្ចនៅស្រុកកោះញ៉ែក និងឈ្មោះ ជីវ័ន្ត ជានាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងទី4- ឈ្មោះ វៀង ខាងចារកម្ម ជំរិតទារប្រាក់ចំនួន 10500$ (មួយមឺុនប្រាំរយដុល្លាសហរដ្ឋអាមេរិច) ជាថ្នូរនឹងការដោះលែងរថយន្តបាកុងដឹងឈើចំនួន៣គ្រឿង។

ក្រោយពីចចារគ្នាអស់រយៈពេលជាច្រើនថ្ងៃ ដោយចចារគ្នាអត់ត្រូវ ក្រុមមន្ត្រីខិលខូចដែលមានឈ្មោះខាងលើទាំងនោះក៏បានចាប់រថយន្តទាំង៣គ្រឿង និងវាយខ្នោះតៃកុងរថយន្ត២នាក់ និងគំរាមអ្នកសារព័ត៌មានមិនឲ្យថតថែមទៀតផង ហើយរហូតមកដល់ថ្ងៃទី0៤ សីហា ២០១៨នេះ គេមិនទាន់ឃើញក្រុមមន្ត្រីខិលខូចទាំងនោះយករថយន្តដឹកឈើទៅរក្សាទុក្ខនៅកន្លែងណាមួយឲ្យពិតប្រាកដនោះនៅឡើយទេ។

ប្រភពច្បាស់ការពីប្រជាពលរដ្ឋ នៅចំណុចអូរតាពោន ឋិតក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ពួកគាត់ មានរថយន្តបាកុងដឹកឈើចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចចាប់បាន ប៉ុន្តែពួកគាត់មិនបានដឹងថា រថយន្តដឹកឈើទាំងនោះ គេយកទៅទីកន្លែងណានោះទេ។

គូសបញ្ជាក់ថា រថយន្តដឹកឈើចំនួន៣គ្រឿងនោះ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី កាក់នៅចំណុចព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ជាប្រភេទឈើអារគ្រឿងផ្ទះ ។

ពាក់ព័ន្ធករណីបង្ក្រាបរថយន្តខាងលើនោះ លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានឲ្យដឹងនៅរសៀលថ្ងៃទី0៤ សីហានេះថា លោកមិនបានដឹងអ្វីច្រើនទេ គ្រាន់តែដឹងថា រថយន្តទាំងនោះ គឺសមត្ថកិច្ចខេត្តមណ្ឌលគិរីជាអ្នកបង្ក្រាប មិនមែនសមត្ថកិច្ចខេត្តក្រចេះយើងឡើយ ប៉ុន្តែគេសុំផ្លូវយកទៅខេត្តមណ្ឌលគិរីវិញ បើចង់ដឹងច្បាស់ទាក់ទងទៅលោក សោរ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះទៅ។

ជុំវិញករណីខាងលើនោះដែរ នៅរសៀលថ្ងៃដដែល ព្រះរាជអាជ្ញាររងខេត្តក្រចេះ លោក សោរ វុទ្ធី បានឲ្យដឹងតាមទូរសព្ទ័ថា ការបង្ក្រាបរថយន្តបាកុងដឹកឈើ៣គ្រឿងនោះគឺសមត្ថកិច្ចខេត្តមណ្ឌលគិរី គេគ្រាន់តែសុំសិទ្ធសុំផ្លូវយកទៅខេត្តគេវិញតែប៉ុណ្ណោះ ហើយពិតជាបានចាប់មនុស្ស2នាក់ដាក់ខ្នោះពិតមែន។ក្នុងនោះដែរ លោកក៏បានបញ្ជាក់ថា ករណីជំរិតទារប្រាក់ពីសំណាក់ក្រុមសមត្ថកិច្ចទាំងនោះ ទៅលើក្រុមឈ្មួញ ពិតឬមិនពិតនោះលោកក៏ពុំទាន់បានដឹងច្បាស់នៅឡើយដែរ ប៉ុន្តែលោកទទួលបានព័ត៌មានមកថា គឺពិតជាមានករណីជំរិតទារប្រាក់ចំនួន10500$ (មួយមឺុនប្រាំរយដុល្លាសហរដ្ឋអាមេរិក) ប៉ុន្តែនេះគ្រាន់តែជាព័ត៌មាន មិនអាចយកជាផ្លូវការបានទេ។

ពាក់ព័ន្ធជុំវិញករណីជំរិតទារប្រាក់ចំនួន 10500$(មួយមឺុនប្រាំរយដុល្លាសហរដ្ឋអាមេរិក) ពីសំណាក់សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ដែលមានឈ្មោះខាងលើ ភ្នាក់ងារយើងមិនអាចទាក់ទងដើម្បីសុំធ្វើការបំភ្លឺបុគ្គលទាំងនោះបានឡើយ៕

Facebook Comments
Loading...