ប្រធានអាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយវិស័យឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ

0
13451

នៅរសៀលថ្ងៃព្រហស្បតិ៍ ០៦កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ មានអ្នកតំណាងមកពីក្រុមហ៊ុនឯកជន សណ្ឋាគារ វិស័យទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ជាដើម ដែលសរុបទាំងអស់ប្រមាណ៣០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ដោយចំហរលើកិច្ចសហប្រតិបត្តិការនានាជាមួយវិស័យឯកជន ដើម្បីស្វែងយល់ និងរកដំណោះស្រាយ សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរឱ្យមានការអភិវឌ្ឍប្រកបដោយចេរីភាព។ ក្នុងនោះដែរ កិច្ចប្រជុំនេះក៏ដើម្បីស្វែងរកដំណោះស្រាយរួមមួយរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរទទួលបានបទពិសោធន៍ល្អៗក្នុងដំណើរកម្សាន្តរបស់ខ្លួន។

ថ្លែងក្នុងពិធីនោះ លោកជំទាវ ភឿង សកុណា បានសម្តែងអារម្មណ៍សប្បាយរីករាយ និងអរគុណដល់វិស័យឯកជន ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ដូចជាការផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ខ្មែរដល់ទេសចរណ៍នៅលើសាកលលោកបានដឹងពីភាពអស្ចារ្យរបស់កម្ពុជា។ លើសពីនេះទៀត លោកជំទាវជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តទៅមុខជានិរន្ត ហើយស្នើឲ្យមានការពិភាក្សាឬមានទំនាក់ទំនងដោយផ្ទាល់មកអាជ្ញាធរជាតិអប្សរា៕


Facebook Comments
Loading...