ខេត្តមណ្ឌលគិរី៖ តាមប្រភពព័ត៌មានច្បាស់ការពីខាងប្រជាសហគមន៍ជនជាតិដើមភាគតិចបានលួចបង្ហើបអោយដឹងថា បទឈ្មើសព្រៃឈេីនៅក្នុងភូមិរណែង និងភូមិចក់ចាឃុំស្រែឈូកស្រុកកែវសីមា កំពុងតែមានសកម្មភាពដូចភ្លៀងរលឹម ដូចហែឋិនអញ្ចឹង ដោយធ្វេីការដឹកជញ្ជូនឈើឡាងជ្រុងប្រភេទឈើសុក្រំ និងស្រឡៅមានមុខកាត់ចាប់ពីមុខ៤០សិបសង់ទីម៉ែត្រឡើងទៅ និងមានប្រវែងចាប់ពី៣ម៉ែត្រឡើងទៅ។ហើយចាប់ពីម៉ោង៥ល្ងាចគេឃើញសកម្មភាពដឹកជញ្ជូនឈើនេះចាប់ផ្តើមធ្វើសកម្មភាពទៅដោយរលូនយកទៅលក់អោយឈ្មួញងារជាឱកញ៉ា ដែលគេស្គាល់ថាឈ្មោះ គង់ ក្រឹង ដែលរស់នៅក្នុងស្រុកស្នូលខេត្តក្រចេះ។
ប្រភពបានបន្តថា បទល្មើសព្រៃឈើដែលធ្វើការដឹងជញ្ជូននឹងគោយន្តកាឡេថង មានមេឈ្មួញរស់នៅក្នុងខេត្តក្រចេះទី១ឈ្មោះថា(ហៅខ្លាធំ)ទី២ឈ្មោះម៉ាប់ និងទី៣ ឈ្មោះ ម៉ាក់ ម៊ី អ្នកទាំងបីនាក់នេះជាមេឈ្មួញដុះស្លែខាងរកស៊ីបទល្មើសព្រៃឈើ មិនដែលឃើញសមត្ថកិច្ច និងជំនាញណាចុះបង្រ្កាបម្តងណាឡើយ ប្រហែលអ្នកទាំងបីនាក់នេះ បានផ្តល់ប្រយោជន៍អ្វីមួយអោយហើយ បានជាសមត្ថកិច្ច និងជំនាញបើកភ្លើងខៀវអោយដូចឆ្នេះ។ ប្រភពអោយដឹងបន្តថាក្នុងមួយយប់ៗការដឹកជញ្ជូនឈើតាមគោយន្តកាឡេថងមិនក្រោម៤០គ្រឿងឡើយ។
ចំពោះសម្ថកិច្ច និងជំនាញនៅតាមដងផ្លូវវិញ ចាប់ពីភូមិរណែង និងភូមិចក់ចាឃុំស្រែឈូក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី រហូតទៅដល់ភូមិស្រែនាម ឃុំស្វាយជ្រះក្នុងភូមិសាស្រ្តខេត្តក្រចេះ ព្រមទាំងដល់ច្រកព្រំដែនត្រពាំងស្រែបានត្រឹមតែឈរមើលបទល្មើសឆ្លងកាត់តែប៉ុណ្ណោះ មិនដែលឃើញមានចំណាត់ការទប់ស្កាត់បង្រ្កាបទាល់តែសោះ។
ពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ស ចំរុង អភិបាលខេត្តក្រចេះនឹងជ្រាបព័ត៌មានខាងលើនេះជាក់ជាពុំខាន អំពីការចរាចរណ៍បទល្មើសព្រៃឈើខុសច្បាប់នៅក្នុងភូមិសាស្រ្តខាងលើ ពីព្រោះពលរដ្ឋអស់ជំនឿរចំពោះអស់លោកសមត្ថកិច្ច និងជំនាញហើយ បានត្រឹមឈរមើលបទល្មើសឆ្លងកាត់ ដោយមិនអនុវត្តទៅតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជាអោយទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសព្រៃឈើខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តទាំងពីរគឺលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ស ចំរុង អភិបាលខេត្តក្រចេះ ព្រមទាំងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមានវិធានការចំពោះបទល្មើសព្រៃឈើខុសច្បាប់នេះផង បើមិនដូចឆ្នោះព្រៃឈើគ្មានសេសសល់សម្រាប់កូនចៅជំនាន់ក្រោយឡើយ៕ដោយ៖មនោរម្យ