ទេសភាពស្រះស្រង់នារដូវវស្សា

0
46246

ស្រះស្រង់មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង ៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរស្ថាបនាឡើងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់មានទឹកជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

ចាប់ពីបារាយណ៍ខាងកើតរីងទឹក ធ្វើឱ្យទឹកក្នុងស្រះស្រង់បានប្រែប្រួលផងដែរ ព្រោះរំពឹងតែលើទឹកភ្លៀងប៉ុណ្ណោះ។ ក្នុងគោលបំណងរក្សាលំនឹងទឹកក្នុងស្រះស្រង់ឱ្យបានពេញ និងមានទេសភាពស្រស់ស្អាត ជាទីគយគន់នៃភ្លៀវទេសចរជាតិ និងអន្តរជាតិនោះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រឡាយបង្ហូរទឹកពីទំនប់តានៀវ ចូលមកស្រះស្រង់ ដែលមានប្រវែង ៧គម។

រដូវវស្សានាឆ្នាំនេះ ស្រះស្រង់កំពុងមានទេសភាពស្រស់ស្អាត ដោយសារមានទឹកថ្លាឈ្វេងពេញមាត់ស្រះ ដែលធ្វើឱ្យភ្ញៀវទេសចរគយគន់ហើយ លាន់មាត់សរសើរមិនដាច់។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរបរទេសជាច្រើនដែលតែងមកទស្សនាថ្ងៃរះឆ្លុះចាំងនឹងស្រះស្រង់មានពណ៌មាសយ៉ាងស្រះស្អាត។

យោងតាមឯកសារប្រវត្តិសាស្ត្រ ស្រះស្រង់ពុំមានតួនាទីជាអាងស្តុកទឹកសម្រាប់ការងារកសិកម្មទេ តែជាស្រះកម្សាន្តរបស់ព្រះរាជាសម័យបុរាណ និងមានកូនប្រាសាទតូចមួយនៅចំកណ្តាល ដែលគេអាចឃើញកូនប្រាសាទនេះតែក្នុងរដូវប្រាំងដែលមានទឹករាក់ខ្លាំងប៉ុណ្ណោះ៕

សូមទស្សនាទិដ្ឋភាពស្រះស្រង់នាពេលនេះដូចតទៅ៖

Facebook Comments
Loading...