កម្ពុជា-កូរ៉េខាងត្បូង សម្រេចបានទំហំទឹកប្រាក់ជាង ៣២៦លានដុល្លារអាមេរិក កើនឡើង៧% ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ

0
258

ភ្នំពេញ ៖ បើយោងតាមតួលេខផ្លូវការ ចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានទំហំទឹកប្រាក់ជាង ៣២៦លានដុល្លារអាមេរិក កើនឡើង ៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែល បានឲ្យដឹងទៀតថា អំឡុងពេល ៥ខែនេះ ប្រទេសកម្ពុជា សម្រេចបាននូវការនាំចេញទំនិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២៨លានដុល្លារអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលមានការកើនឡើង ១២% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយទំនិញរបស់កម្ពុជា ដែលត្រូវបាននាំចេញ ភាគច្រើនជា ផលិតផលកសិកម្ម សម្លៀកបំពាក់ កៅស៊ូ និងគ្រឿងបង្គុំអេឡិចត្រូនិក។

ដោយឡែក កូរ៉េខាងត្បូង ក៏បាននាំចេញផលិតផលសរុប ១៩៨លានដុល្លារអាមេរិក មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលមានការកើនឡើង ៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ហើយផលិតផលសំខាន់ៗ ដែលនាំចូលពីកូរ៉េ មកកាន់កម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម។
ជាក់ស្តែង ប្រទេសកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ១៤ របស់កម្ពុជា ហើយប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជិត ៦ពាន់លានដុល្លារអាមេរិក។សូមបន្ថែមថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ២១ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៣% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

Facebook Comments
Loading...