ភ្នំពេញ ៖ ធនាគារពិភពលោក ឬ World Bank បានព្យាករអត្រាកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ សម្រាប់ប្រទេសកម្ពុជា ឡើងដល់ ៥,៨% ខណៈឆ្នាំ ២០២៥ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងឈានដល់ ៦,១% ព្រោះការនាំចេញទំនិញត្រូវបានព្យាករណ៍ថា នឹងមានភាពប្រសើរឡើង។
យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក បានបង្ហាញថា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយ ការនាំចេញសម្លៀកបំពាក់ ក៏ដូចជា វិស័យទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យ។
ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ ធនាគារពិភពលោក បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា កត្តាជំរុញសំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា គឺការងើបឡើងវិញនៃសេវាកម្ម និងការនាំចេញទំនិញ នៅពេលដែលពាណិជ្ជកម្មសកលងើបឡើងវិញ។
លើសពីនេះ ដោយសារកម្ពុជា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិន មកកាន់ កម្ពុជាបន្ថែមទៀត។
ដោយឡែកសម្រាប់ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក សម្រាប់ឆ្នាំ ២០២៤ ត្រូវបានព្យាករថា នឹងមានត្រឹម ៤,៥% ទាបជាងក្នុងឆ្នាំមុន ដែលមាន ៥,១%។
កំណើនសេដ្ឋកិច្ចនៅប្រទេសចិន ត្រូវបានព្យាករថា នឹងធ្លាក់ចុះបន្តិចមកនៅត្រឹម ៤,៥% ពី ៥,២% ក្នុងឆ្នាំ ២០២៣ ដោយសារតែបំណុលមានកម្រិតខ្ពស់ វិស័យអចលនទ្រព្យចុះខ្សោយ និងវិវាទពាណិជ្ជកម្មដែលដាក់សម្ពាធទៅលើសេដ្ឋកិច្ច។
សូមបន្ថែមថា របាយការណ៍បានបង្ហាញថា នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦,១% ខណៈដែលការនាំចេញទំនិញត្រូវបានព្យាករណ៍ថា នឹងមានភាពប្រសើរឡើង និងធ្វើពិពិធកម្មបន្តិចម្តងៗ រីឯលំហូរវិនិយោគដោយផ្ទាល់ពីបរទេស ទំនងជានឹងត្រូវបានជំរុញដោយ ច្បាប់ថ្មីស្តីពីការវិនិយោគ៕