ភ្នំពេញ ៖ បែកធ្លាយ លិខិត មន្ត្រីនគរបាល ជិត ៥០នាក់ មិនពេញចិត្តចំពោះការដឹកនាំ រួមគ្នាផ្តិតមេដៃ ប្តឹងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋអធិការខណ្ឌកំបូល ទៅ ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយដោះស្រាយ ពាក់ព័ន្ធ
ភាពមិនប្រក្រតីក្នុងការដឹកនាំបញ្ហា ដែលមានការប្តឹងលោកអធិការនេះ គឺបានធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ ជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែធ្នូនេះថា ជុំវិញការបែកធ្លាយខ្លឹមសាររបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលបានប្ដឹងលោកអធិការនោះ គឺបានធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបមកកាន់ដំណែងជាស្នងការថ្មី។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ករណីនេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានដឹកនាំក្រុមការងារចុះទៅសំណេះសំណាល និងណែនាំទៅមន្ត្រីនគរបាលនៃអធិការនគរបាលខណ្ឌកំបូល ឲ្យមានសាមគ្គីផ្ទៃក្នុង ហើយក៏បានណែនាំទៅលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌបែងចែកតួនាទីភារកិច្ចទៅតាមជំនាញរបស់កម្លាំងនៃអធិការនគរបាលខណ្ឌ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា តាមពិតទៅករណីនេះបន្ទាប់ពីមានការណែនាំ និងផ្សះផ្សារពីលោកឧត្ដមសេនីយ៍ទោស្នងការ គឺមានភាពស្ងប់ស្ងាត់មកហើយ ដោយមិនមានការតវ៉ាអ្វីនោះទេ តែនៅថ្ងៃទី៧ធ្នូនេះ បែជាមានបែកធ្លាយលិខិតបណ្ដឹងប្ដឹងលោកអធិការនគរបាលខណ្ឌកំបូល ពីសំណាក់មន្ត្រីក្រោមឱវាទ អញ្ចឹងទី១ លោកស្នងការនឹងធ្វើការពិនិត្យ និងដោះស្រាយ ទី២ឲ្យមានការស្រាវជ្រាវចំពោះបុគ្គលណាដែលយកឯកសារកិច្ចការងារផ្ទៃក្នុងរបស់អង្គភាពបញ្ចេញទៅខាងក្រៅ ដែលជាការប្រព្រឹត្តខុសនូវវិន័យកងកម្លាំងនគរបាលជាតិលេខ ០០៦ ប្រការ ១ចំណុចទី៦។