ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង រសៀលថ្ងៃទី ២៣ខែវិច្ឆិកា បានបើក កិច្ចប្រជុំ បន្ទាន់មួយនៅសាលាខណ្ឌ ដើម្បីរៀបចំ បែងចែកភារកិច្ច ការពារសន្ដិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសនៃព្រះរាជពិធី បុណ្យ អុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ដែលនឹងចូលមកដល់នាថ្ងៃ ខានស្អែកនេះ នៅមុខព្រះបរមរាជវាំង។
លោក សុខ សម្បត្តិ ប្រធាន គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង មានប្រសាសន៍ ថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ បរិមាណទូក ដែលត្រូវចូលរួមប្រណាំងគឺ មានចំនួនច្រើន តាមការរំពឹងទុក ប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីបុណ្យ ក៏មានចំនួនច្រើនលើសពីឆ្នាំមុនៗដែរ គឺមកពី២៥ រាជធានីខេត្ត ព្រមទាំងមកពីក្រៅប្រទេសទៀតផង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យមានការកកស្ទះនៅតំបន់ប្រារព្ធពិធី ដូចនេះកម្លាំងទាំងអស់ ត្រូវសហការគា្នឲ្យបានល្អ រៀបចំផែនការទុកជាមុនដើម្បីត្រៀមដោះ សា្រយបញ្ហាប្រឈមដែលអាចកើតមានឡើង ក្នុងគោលដៅ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង អន្ដរជាតិ ពិសេសថ្នាក់ដឹកនាំកំពូលដែលមកចូលរួម ទស្សនា និងមកលេងកំសាន្ដ ក្នុងព្រះរាជពិធីបុណ្យ នេះ ។ លោកអភិបាលខណ្ឌបឹងកេងកង បានសង្កត់ធ្ងន់ថា អនុគណៈកម្មការ ការពារសន្ដិសុខ ដែលបានបែងចែកភារកិច្ច រួច ដែលក្នុងនោះ មានកម្លាំង អធិការដ្ឋាននគរបាល កម្លាំងកងរាជអាវុធហត្ថខណ្ឌ និង មន្ដ្រីថ្នាក់ខណ្ឌសង្កាត់ ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវលើតួនាទីរបស់ខ្លួន មិនត្រូវមានតែឈ្មោះក្នុងក្រដាសនោះឡើយ ក្នុងរយៈពេល៣ថ្ងៃនេះ គឺត្រូវមានវត្តមានជាប់ជាប្រចាំ នៅតាមគោលដៅ ដើម្បីធានាបាននូវកម្លាំងគ្រប់គ្រាន់ ក្នុងការការពារ ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ ចំពោះកម្លាំងតាមគោលដៅ បើក្នុងករណីឈឺអាចសម្រាកបាន ប៉ុន្ដែករណីសុំច្បាប់មិនមានករណីចាំបាច់គឺមិនអនុញ្ញាតិឡើយ ។ ចំណែកគណៈបញ្ជាការសង្កាត់និមួយៗ ត្រូវធ្វើវេនប្រចាំបញ្ជាពីថ្ងៃនេះរហូតដល់ថ្ងៃចប់បុណ្យអុំទូក។ដោយឡែក លើការងារ ផ្ញើម៉ូតូ រថយន្ដ និង យានជំនិះផ្សេងៗ ទៀតសង្កាត់ប៉ុស្ដិ៍ដែលជាម្ចាស់មូលដ្ឋានត្រូវចុះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយលើផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ពិសេសគឺបញ្ហាតម្លៃផ្ញើ សូមឲ្យយកតាមតម្លៃទៅតាមសៀវភៅបន្ទុក តាមការណែនាំរបស់សាលារាជធានីភ្នំពេញ ព្រោះកន្លងមកតម្លៃផ្ញើយានយន្ដនេះគឺយកតម្លៃមិនស្មើគ្នានិង យកថ្លៃលើសលុប។ ជាមួយនេះ អាជ្ញាធរ សង្កាត់ ភូមិ ត្រូវជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតុបតែងលម្អ លំនៅដ្ឋាន និងត្រូវ មានការប្រុងប្រយត័្នចំពោះបញ្ហាគ្រោះអគ្គីភ័យ ព្រោះថាក្នុងឱកាសនៃព្រះរាជពិធីបុណ្យនេះ មានបងប្អូន១ចំនួននឹងធ្វើដំណើរកំសាន្ដទៅកាន់តំបន់រមណីយដ្ឋាននានា សូមឲ្យពួកគាត់មានការប្រុងប្រយត្ន័ មុននឹង ចាកចេញពី ផ្ទះសម្បែង ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ដោយសាររដូវនេះជារដូវរំហើយផង គ្រោអគ្គីភ័យ អាចកើតឡើងគ្រប់ពេលវេលាបើសិនជាយើងខ្វះការប្រុងប្រយ័ត្ន ។ ទន្ទឹមនឹងការងារសន្ដិសុខសណ្ដាប់ធ្នាប់ លោក អភិបាលខណ្ឌ បានបញ្ជាទៅ លោកហួត លាភពិសិដ្ឋ ឲ្យត្រៀមសម្ភារៈនិងកម្លាំង ធ្វើការជួសជុល ជង្ហុក សំបុក មាន់ នៅផ្លូវ ១០៥ ផ្លូវ ៥១ ប៉ាស្ទ័រ និងផ្លូវ ៦៣ ព្រះត្រសក់ផ្អែម នៅយប់នេះតែម្ដង ដើម្បីសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលមកលេងក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ ឲ្យ ប្រព្រឹត្តិទៅដោយរលូន និងទទួលបាននូវភាពសប្បាយរីករាយ៕