សម្ដេចតេជោ ហ៊ុន សែន ! ស្វាគមន៍មន្ត្រីគណបក្សនយោបាយនានា មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែបុគ្គលម្នាក់ប៉ុណ្ណោះ

0
267

ភ្នំពេញ ៖ លើកឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្វាគមន៍ជាថ្មីដល់មន្ត្រីគណបក្សនយោបាយនានា ដែលមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែបុគ្គលម្នាក់ប៉ុណ្ណោះដែលសម្ដេចមិនទទួលឡើយ នោះគឺជនក្បត់ជាតិ៣ជំនាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ មានមន្ត្រីគណបក្សប្រឆាំងជាច្រើននាក់ បានចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ស្វាគមន៍រាល់មន្ត្រីគណបក្សនយោបាយនានា ដែលមានបំណងមកចូលរួម។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ចឹងឥឡូវគឺថា វាដូចទឹកបាក់ទំនប់អញ្ចឹង ដែលបោះបង់ចោលគណបក្សប្រឆាំង ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជនៗ ហើយស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីកសាងប្រទេស»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេច ស្វាគមន៍ទាំងអស់នូវមន្ត្រីគណបក្សនយោបាយនានា លើកលែងតែបុគ្គលម្នាក់ប៉ុណ្ណោះដែលសម្ដេចមិនទទួលឡើយ នោះគឺជនក្បត់ជាតិ ៣ជំនាន់។

ក្នុងឱកាសនោះផងដែរសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សង្រ្គាមវាងាយបង្កើតណាស់ សម្រេចចិត្តត្រឹមតែប៉ុន្មាននាទី គឺសង្រ្គាមផ្ទុះហើយ ប៉ុន្តែការរំលត់ភ្លើងសង្រ្គាមទើបវាជារឿងលំបាក លន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបិតាជាតិរបស់យើង ព្រះបរមរតនកោដ្ឋ គឺសម្រេចចិត្តក្នុងតែប៉ុន្មានតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញផលវិបាកពីការសម្រេចចិត្តនេះ ​បានធ្វើឲ្យប្រទេសមានសង្រ្គាម ដែលសម្លាប់ប្រជាជនពេលនោះរាប់សែននាក់ របួស ពិការរាប់ម៉ឺននាក់»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បន្ទាប់មក ប្រទេសកម្ពុជា បានចូលដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដោយប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់។ ក្រោយមកទៀត ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន បានរំដោះប្រជាជនចេញពីរបប ប៉ុល ពត តែសង្រ្គាមនៅមានបន្តរហូតដល់ឆ្នាំ ១៩៩៨ ទើបប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានចូលរួមថែរក្សា ការពារសន្តិភាព និងបានអំពាវនាវឲ្យបន្តថែរក្សាការពារសន្តិភាព បន្តទៀត ដែលជាគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ៕

 

Facebook Comments
Loading...