លោក រ៉ុន ដេ​សាន់​ធី​ស ចូល​រួមការ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ២០២៤ ជាមួយលោកដូ​ណា​ល់ ត្រាំ​

0
326

បរទេស ៖ លោក រ៉ុន ដេ​សាន់​ធី​ស (Ron DeSantis) បាន​ចូល​រួមការ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២៤ កាលពី​ថ្ងៃ​ពុធ​ដោយ​ឈាន​ជើង​ចូល​​ទៅក្នុង​ការ​ប្រជែង​បឋម​ដ៏​ចង្អៀត​របស់​គណបក្ស​សាធារណរដ្ឋ ដែល​នឹង​សាកល្បង​ការអំពាវនាវ​ថ្នាក់​ជាតិ​របស់​គាត់​និង​ឆន្ទៈ​របស់​បក្ស​សាធារណរដ្ឋ ក្នុងការ​ងាក​ចេញពី​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។

អ្នក​សាធារណរដ្ឋ​វ័យ ៤៤ ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ពី​ការសម្រេចចិត្ត​របស់​គាត់​នៅក្នុង​ឯកសារ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ មុន​ពេល​ការសន្ទនា​តាម​អ៊ីនធឺណិត​ជាមួយ​នាយក​ប្រតិបត្តិ Twitter​លោក អេ​ឡុន ម៉ាស​។​

​លោកដេសា​ន់​ធី​ស​បាន​និយាយ​នៅក្នុង​វីដេអូ​រយៈពេល​មួយ​នាទី​ថា “​យើង​ត្រូវការ​ភាព​ក្លាហាន​ដើម្បី​ដឹកនាំ​និង​កម្លាំង​ដើម្បី​ឈ្នះ​។ ខ្ញុំ​គឺ​រ៉ុន ដេសា​ន់ទី​ស ហើយ​ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ដើម្បី​ដឹកនាំ​ការ​ត្រឡប់មកវិញ​ដ៏​អស្ចារ្យ​របស់​អាម៉េរិក​”​។​

​លោក​បាន​ព្យាយាម​ពិភាក្សា​អំពី​ការសម្រេចចិត្ត​របស់​គាត់​បន្ថែមទៀត​នៅក្នុង​ការសន្ទនា​តាម​អ៊ីនធឺណិត​ជាមួយ​លោក​ម៉ាស ទោះបីជា​ស្ទ្រី​ម​ជា​សំឡេង​បាន​គាំង​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ​។​

​ជំនួប​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​ម្ចាស់​ជំនួយ​បក្ស​សាធារណរដ្ឋ​លោក ដេវីដ ស៊ែ​ក (David Sacks) ដែល​ជា​សហគ្រិន​បច្ចេក​វិជ្ជា​ជិតស្និទ្ធ​នឹង​លោក​ម៉ាស​។​

​ព្រឹត្តិការណ៍​នេះ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​បញ្ហា​បច្ចេកទេស ដែល​ម្ចាស់ Twitter និយាយ​ថា​គឺ​ដោយសារ​តែ​ម៉ាស៊ីន​មេ (Server) “​គាំង​”​ព្រោះ​មនុស្ស​ច្រើនពេក​សម្រុកចូល​ស្តាប់​ព្រឹត្តិការណ៍​ជា​សំឡេង​​នេះ​។​

​មួយ​ថ្ងៃមុន​នេះ លោក​ម៉ា​សបាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូង​គេ​សម្រាប់ Twitter ដោយ​និយាយថា វា​នឹង​ក្លាយជា​”​លើកទីមួយ​ហើយ​ដែល​រឿង​បែប​នេះ​កើតឡើង​នៅលើ​បណ្តាញ​​សង្គម​”៕

 

Facebook Comments
Loading...