ទីបំផុតភាគីថៃលែងជំទាស់និងកម្ពុជាក្នុងការប្រើពាក្យ«គុនខ្មែរ»ទៀតហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ

0
421

ភ្នំពេញ ៖ ការអនុម័តជាឯកច្ឆ័ន្ទនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ ដែលមាន៨ប្រទេសចូលរួមដូចជា ម្ចាស់ផ្ទះកម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និង ថៃនោះ គឺប្រទេសថៃ និង៦ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានបានអនុម័តជាឯកច្ឆ័ន្ទឲ្យប្រើឈ្មោះ«គុនខ្មែរ»ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។
គួរបញ្ជាក់ថា កន្លងមកភាគីថៃដែលបានជំទាស់កម្ពុជាក្នុងការប្រើពាក្យ«គុនខ្មែរ»ជំនួសឱ្យពាក្យ«មួយថៃ»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរហូតគំរាមធ្វើពហិការមិនចូលរួមប្រកួតលើវិញ្ញាសាគុនខ្មែរនោះក៏បានបញ្ជាក់ថា ពួកគេនឹងចូលរួមវិញ ក្រោមហេតុផលមួយគឺពួកគេជាអ្នកស្រឡាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ។
ពាក់ព័ន្ធនឹងរឿងថៃជំទាស់ការប្រើពាក្យគុនខ្មែរជំនួសឱ្យពាក្យមួយថៃក្នុងព្រឹត្តិការណ៍កីឡា
ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ
កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានឱ្យដឹងថា អ្នករៀបចំស៊ីហ្គេមមិនមានការព្រួយបារម្ភចំពោះការសម្រេចចិត្តពីប្រទេសថៃរឿងមិនបញ្ចូនអត្តពលិកមកនោះទេ ដោយនោះគឺជាសិទ្ធិរបស់គេ ហើយកម្ពុជាក៏នឹងត្រៀមរៀបចំការប្រកួត«គុនខ្មែរ»ឱ្យខាងតែបានដែរ ។ ទោះជាយ៉ាងនេះក្តី មកដល់ពេលនេះកម្ពុជាបានបញ្ជាក់ដែរថា មានប្រទេសចំនួន៦ ហើយបានសម្រេចចិត្តចូលរួមប្រកួតគុនខ្មែរ ដោយប្រទេសទាំងនោះរួមមាន ឥណ្ឌូណេស៊ី វៀតណាម
ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
បន្ថែមពីលើនេះ លោកអគ្គលេខាធិការ CAMSOC ក៏បានបង្ហើបដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាក៏នឹងមិនបញ្ជូនអត្តពលិកទៅចូលរួមការប្រកួត «មួយថៃ» ដូចគ្នា។
សូមជម្រាបថា បញ្ហាប្រទាំងប្រទើសគ្នាជុំវិញប្រដាល់គុនខ្មែរ និងប្រដាល់មួយថៃនេះ បានក្លាយជាបញ្ហាចាក់ឫសយ៉ាងជ្រៅ ដែលពិបាកដោះស្រាយ ពោលគឺតែងតែមានការជជែកវែកញែក និងចោទគ្នាទៅវិញទៅមក ជាពិសេសភាគីថៃដែលចោទមកកម្ពុជាថា បានលួចចម្លងប្រដាល់របស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ គ្រាន់តែកម្ពុជាផ្លាស់ប្តូរមកប្រើវិញ្ញាសាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ស្រាប់តែថៃព្រមានមិនចូលរួមប្រកួត ព្រោះតែមិនប្រើពាក្យមួយ ឬមួយថៃ ដែលនេះបង្ហាញពីចេតនាមិនល្អសម្រាប់ភាគីថៃមកលើកម្ពុជា។
ទោះបីជាយ៉ាងណា ទាំងប្រជាពលរដ្ឋខ្មែរ ទាំងអ្នកស្រាវជ្រាវបរទេស ជាពិសេសអ្នកស្រាវជ្រាវដែលជាជនជាតិថៃតែម្ដង ពិតជាបានដឹងច្បាស់ថា កីឡាគុនខ្មែរនេះ បានកើតឡើងនិងមានវត្តមាននៅក្នុងអាណាចក្រខ្មែរតាំងពីបុរាណកាល រាប់សិបសតវត្សមកហើយ ពោលគឺតាំងពីមិនទាន់កកើតប្រទេសថៃមកម្ល៉េះ។
យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតកីឡាដ៏ធំប្រចាំតំបន់នេះ គឺនឹងរៀបចំធ្វើនៅពាក់កណ្ដាលឆ្នាំ២០២៣ ពោលគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Facebook Comments
Loading...