អាល្លឺម៉ង់រំពឺងថានឹងបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែន

0
209

បរទេស ៖ សារព័ត៌មានអនឡាញ ឌែ ស្ពីហ្គែល (Der Spiegel) របស់អាល្លឺម៉ង់ បានរាយការណ៍ផ្ដាច់មុខដោយស្រង់សម្ដីប្រភព មិន បញ្ចេញឈ្មោះថា ក្រុងបែរឡាំងគ្រោងនឹងបញ្ជូនរថក្រោះទំនើប Leopard 2 ទៅអ៊ុយក្រែន ដើម្បីជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹង កង ទ័ពរុស្ស៊ី។
ប្រភពថា អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សុលហ្ស៍ បានសម្រេចចិត្ត បញ្ចូលនូវរថក្រោះនេះបន្ទាប់ពីមានការជជែកដេញដោលគ្នាជាច្រើនខែ ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះក្រុងប៊ែរឡាំងរងការ រិះគន់ យ៉ាងធ្ងន់ធ្ងរចំពោះការស្ទាក់ស្ទើររបស់ខ្លួនពីសម្ព័ន្ធមិត្តក្នុងប្លុកណាតូ ដែលដាក់សម្ពាធលើអាល្លឺម៉ង់ឱ្យបញ្ជូន Leopard 2 ទៅ អ៊ុយក្រែន។
សេចក្ដីរាយការណ៍ពីការសម្រេចចិត្តនេះធ្វើឡើងភ្លាមៗបន្ទាប់ពីមន្រ្តីសហរដ្ឋអាមេរិកបានបង្ហាញកាលពីថ្ងៃអង្គារថា រដ្ឋបាលបៃដិន កំពុងរៀបចំបញ្ចប់ផែនការបញ្ជូនរថក្រោះ M1 Abrams ដែល ផលិតដោយសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។
កាលពីសប្ដាហ៍មុន អាល្លឺម៉ង់បានលើកឡើងថា ខ្លួនមិនបញ្ជូន រថក្រោះ Leopard របស់ខ្លួនទៅអ៊ុយក្រែនឡើយ លុះត្រាតែ សហរដ្ឋអាមេរិកយល់ព្រមធ្វើដូច្នេះដែរ។
គួរកត់សម្គាល់ថា ការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់ អ៊ុយក្រែននឹងផ្តល់ឱ្យកងកម្លាំងរបស់ប្រទេសនេះនូវរថក្រោះយោធាដ៏ទំនើប និងដ៏មានឥទ្ធិពល ដើម្បីប្រឆាំងការរុលទៅមុខរបស់ កងទ័ពរុស្ស៊ី។

Facebook Comments
Loading...