សម្ដេចតេជោ ហ៊ុន សែន ! រោងចក្រដំឡើងរថយន្ត Toyota និងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ

0
606

ភ្នំពេញ ៖ ថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នាព្រឹកថ្ងៃទី ១ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នាពេលកន្លងមក សម្ដេច បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ហើយលោកលើកឡើងអំពីគម្រោង បង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «គាត់បានស្នើសុំឲ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវក្រុមហ៊ុនដំឡើងរថយន្ត Toyota​ ឥឡូវនេះបន្តិចទៀតនៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រដំឡើងរថយន្ដ Toyota»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែពង្រីក និងរក្សាក្រុមហ៊ុនដែលមានស្រាប់នៅក្នុងប្រទេសនោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទាក់ទាញក្រុមហ៊ុនមួយចំនួនផ្សេងទៀត។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន​ បានជួបពិភក្សាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅឯប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោក Fumio Kishida បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនជប៉ុន នឹងបង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា ហើយលោកក៏ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រក្រុមហ៊ុននានារបស់ជប៉ុន ដែលកំពុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផងដែរ។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តយល់ព្រមឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Toyota នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ ដែលមានទុនជាង ៣៦លានដុល្លារ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង ១០០កន្លែង៕

 

Facebook Comments
Loading...