ខេត្តស្វាយរៀង ៖ ការបើកបរដែលមិនគោរពច្បាប់ មិនគោរពសិទ្ធិគ្នា ឬមិនគោរពសិទ្ធិអទិភាពជាចំបង តែងបង្កគ្រោះថ្នាក់ញឹកញាប់ជួនកាលដល់ស្លាប់ឬរបួសជួនកាលខូចខាតទ្រព្យសម្បត្តិនិងខាតពេលវេលា ដូចជាករណីមួយនេះជាដើម។
ជាក់ស្ដែងដូចករណីជម្លោះរវាងអ្នកបើកបរឡានក្រុងជម្លើយម្នាក់ បើកបរខ្វះការយោគយល់គ្នាបានកៀរឡានឧកញ៉ាម្នាក់ដែលគេស្គាល់ថា ឈ្មោះ លី យូគៀក បណ្ដាលឲ្យធ្លាក់ផ្លូវ ហើយលោកឧកញ៉ាចិត្តក្ដៅនិងអង្គរក្សចិត្តសឿងបានស្ទាក់អ្នកបើកបរឡានក្រុងឲ្យឈប់បង្កហិង្សាដាក់តៃកុងឡានក្រុងដោយបានវ៉ៃឲ្យបែកកញ្ចក់ឡានក្រុងនិងបានគម្រាមដកហូតទូរស័ព្ទដៃតៃកុងឡានក្រុងដែលព្យាយាមថតសកម្មភាពឧកញ៉ានិងអង្គរក្សយកមកបោកចោលទាំងកម្រោលបួនជ្រុងដូចក្រុមក្មេងស្ទាវមិនសមជាអ្នកថ្លៃថ្នូរមាមលុយមានឡានទំនើបជិះនោះទេ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៨ ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ តាមបណ្ដាយផ្លូវជាតិលេខ១ ចំណុចបង្គោលគីឡូម៉ែត្រលេខ147 ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ពលរដ្ឋអ្នកថតហេតុការណ៍សកម្មភាពនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រថយន្តសេរីទំនើបឡង់គ្រីស័រពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2E 1767 និងមានរថយន្តអមពីក្រោយផងនោះ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ១ ឆ្ពោះទៅក្រុងបាវិត លុះមកដល់ចំណុចកើតហេតុ រថយន្ដឡង់គ្រីស័របានវ៉ាជែង រថយន្តនៅខាងមុខ ហើយក៏វាក់អឺជាមួយនឹងរថយន្តក្រុងទេសចរណ៍ ធ្វើឱ្យរថយន្តឡង់គ្រីស័រភ័យស្លន់ស្លោជាខ្លាំង ក៏រេចង្កូតគេចធ្លាក់ផ្លូវខាងឆ្វេងតែម្ដង ។
ក្រោយពីបើកគេចធ្លាក់ផ្លូវរួចមក គេឃើញបុរស២នាក់ ដែលពលរដ្ឋអះអាងថា ម្នាក់ជាឧកញ៉ា ម្នាក់ទៀតជាអក្សរក្ស បានចុះមកធ្វើសកម្មភាពវាយទៅលើរថយន្តក្រុង និងមិនឱ្យអ្នកបើកបរថយន្តក្រុងថតសកម្មភាព្ិង្សារបស់ខ្លួន ថែមទាំងយកទូរស័ព្ទមកបោកកម្ទេចចោលរួចគប់ចោលទៀតផង ។
បើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ឡានក្រុងក៏បេីកបររាងឈ្លេីយដែរកៀរឡានឧកញ៉ា ដែលឧកញ៉ារូបនេះត្រូវបានគេស្គាល់ថាជាឧកញ៉ា លី យូគៀក ធ្វើឱ្យធ្លាក់ផ្លូវ ទើបធ្វើឱ្យលោកឧកញ៉ា និងអង្គរក្សខឹងតាមវាយបែកកញ្ចក់ឡានជាការព្រមានបែបនេះតែម្ដង។
ក្រោយមកក៏មានវត្តមានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំយកមធ្យោបាយរថយន្តក្រុងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធី ចំពោះអ្នកធ្វើដំណើរតាមឡានក្រុងនេះម្នាក់ៗនាំគ្នាហួសចិត្តនិងសកម្មភាពភាគីទាំងពីរនេះខ្លាំងណាស់បង្កឲ្យពួកគាត់ខកខាននិងខាតពេលវេលារបស់គេរាប់សិបនាក់។
ជុំវិញករណីនេះប្រជាពលរដ្ឋមានការរិះ-គន់យ៉ាងខ្លាំងផងដែរ ចំពោះទង្វើរបស់ឧកញ៉ា និងអង្គរក្សរូបនេះ ខណៈមួយចំនួនផ្សេងទៀត ក៏មិនគាំទ្រការបើកបររបស់អ្នកបើករថយន្តក្រុងនោះដែរ។ លរណីនេះមហាជនក៏មិនគាំទ្រសកម្មភាពរបស់ភាគីខាងឧកញ៉ាដែរ ដែលបានធ្វើសកម្មភាពបែបហិង្សាយកកំហឹងទល់កំហល់ដែលសង្គមស្អប់ខ្ពើម ចំណែកអ្នកបើកបររថយន្ដក្រុងវិញក៏មហាជនមិនគាំទ្រដែរព្រោះតៃកុងរថយន្ដក្រុងមួយចំនួនក៏បើកបរឈ្លើយហួសហេតុដែរមិនសូវមានការយោគយល់ដល់អ្នកបើកបរដូចគ្នាទេអាងតែខ្លួនបើកបរឡានធំ បើកកៀរគេទម្លាក់ផ្លូវតែញឹក មិនចំពោះតែករណីប៉ះជាមួយឧកញ៉ាចិត្តក្ដៅរូបនេះទេជាមួយពលរដ្ឋសាមញ្ញក៏តែងកើតមានញឹកញាប់ដែរ នៅពេលនេះដល់ប៉ះជាមួយក្រុមឧកញ៉ាចិត្តក្ដៅបែបនឹងទើបញាក់សាច់តែម្ដង៕