រដ្ឋបាលខណ្ឌទួលគោក ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះពូជក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ

0
294

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក ជា ពិសី អភិបាលខណ្ឌ គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងខណ្ឌទាំងអស់ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៉ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀតដល់ព្រះចេស្ដា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរថា «ក្បត់ជាតិ» និង «គ្មានមនសិការស្នេហាជាតិ»។

លោក ជា ពិសី បានចាត់ទុកការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៉ី បានបង្ហាញឱ្យឃើញសារជាថ្មីម្ដងទៀត អំពីសារជាតិជាជនក្បត់ជាតិ «៣ជំនាន់» ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លើន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូបនៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះគឺជាសារជាតិដ៏ពិសពុលប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ «៣ជំនាន់» ដែលមិនអាចលើកលែងបានឡើយ។

លោក ជា ពិសី ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះទង្វើនេះគឺពិតជាមិនអាចអត់អោន និងទទួលយកបានឡើយ ពីសំណាក់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។

ជាថ្មីម្ដងទៀត ក្នុងនាមក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក ជា ពិសី អភិបាលខណ្ឌ គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងខណ្ឌទាំងអស់ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក ដែលបានធ្វើការប្រមាថលើព្រះចេស្ដាអង្គព្រះមហាក្សត្រ និងសូមយកឱកាសនេះប្ដេជ្ញាបន្តគោរពដង្ហែតាម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ៕

Facebook Comments
Loading...