៣ថ្ងៃទៀត! គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ និងចាត់វិធានការយានយន្ដដែលម្ចាស់ចតចោលលើចិញ្ចើមផ្លូវភ្លោះខាងមុខសួនច្បារបុរីមហាសេដ្ឋីបណ្ដាលឱ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ ក្នុងភូមិសាមគ្គី

0
466

(ភ្នំពេញ)៖ លោក មូល វិរៈ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងជាចៅសង្កាត់ ដែលមានលោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ ជាសេនាធិការ បានព្រមានចាត់វិធានការរដ្ឋបាល ដោយគ្មានការយោគយល់ចំពោះរថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈបណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ ពិសេស រំខានដល់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ ស្ថិតនៅផ្លូវភ្លោះសួនច្បារខាងមុខ បុរីមហាសេដ្ឋី ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

លោក មូល វិរៈ តាមរយៈសេនាធិការ លោកវរសេនីយ៍ត្រី តូច គឹមសុង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាការព្រមានចាត់វិធានការរដ្ឋបាល ដោយគ្មានការយោគយល់ចំពោះរថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈយ៉ាងដូច្នេះ គឺបានត្រៀមផែនការអនុវត្តវិធានការក្ដៅឡើងបន្ទាប់ពីគណៈបញ្ជាការឯកភាពសង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឫស្សីកែវ ទទួលបានសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឱ្យជួយរកដំណោះស្រាយជូន អំពីការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ស្ថិតនៅផ្លូវភ្លោះសួនច្បារខាងមុខបុរីមហាសេដ្ឋីនេះ។

លោកវរសេនីយ៍ត្រី តូច គឹមសុង បានឱ្យដឹងផងដែរថា ការទទួលយកសំណូមពរ ដើម្បីរកដំណោះស្រាយ អំពីការកកស្ទះចរាចរណ៍ សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយឈានដល់ការព្រមានចាត់វិធានការរដ្ឋបាលឱ្យខានតែបាន ដោយគ្មានការយោគយល់ចំពោះរថយន្ដតូច-ធំគ្រប់ប្រភេទ ដែលម្ចាស់បើកយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈនេះដែរ បានត្រៀមអនុវត្តចាត់វិធានការក្ដៅឆាប់ៗនេះ ក្រោយពីគណៈបញ្ជាការឯកភាពសង្កាត់ ទុកឱសានវាទរយៈពេល៣ថ្ងៃប៉ុណ្ណោះ បើក្នុងករណីម្ចាស់យានយន្ដទាំងឡាយ នៅតែបន្តបើករថយន្ដរបស់ខ្លួនយកមកចតទុកចោលលើចិញ្ចើមផ្លូវសាធារណៈទាំងបំពាន (ស្ថិតនៅផ្លូវភ្លោះសួនច្បារខាងមុខបុរីមហាសេដ្ឋី) បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍បន្តទៅទៀត នោះប្រាកដជាប្រឈម និងការឃាត់ស្ទូចយករថយន្ដទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ជាក់ជាពុំខានឡើយ។

លោកនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឫស្សីកែវរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់យានយន្ដគ្រប់ប្រភេទ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការបើកយករថយន្ដរបស់ខ្លួនមកឈប់ចតទុកចោលលើចំណីចិញ្ចើមផ្លូវសាធារណៈ ឫទ្រូងផ្លូវបន្តទៅទៀត ដើម្បីចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបណ្ដាលមកពីការចតយានយន្ដគ្មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបថា គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ ដឹកនាំដោយលោកចៅសង្កាត់ មូល វិរៈ និងសេនាធិការ ដែលមានលោកវរសេនីត្រីយ៍ តូច គឹមសុង ជានាយនគរបាលប៉ុស្ដិ៍ កាលពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ជៀសរាល់ការកកស្ទះចរាចរណ៍ បានយ៉ាងល្អប្រសើរ មួយលើកជាពីរលើករួចមកហើយដែរ ស្ថិតនៅផ្លូវភ្លោះសួនច្បារខាងមុខបុរីមហាសេដ្ឋី បន្ទាប់ពីទទួលបានសំណូមពរជាបន្តបន្ទាប់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ឱ្យជួយរកដំណោះស្រាយ អំពីការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ (ស្ថិតនៅសួនច្បារខាងមុខបុរីមហាសេដ្ឋី) ដែលផ្លូវធំទៅជារួមតូច បណ្ដាលមកពីការចតយានយន្ដគ្មានសណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈរបស់រដ្ឋ៕

Facebook Comments
Loading...