ជប៉ុនដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់

0
379

តូក្យូ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាស៊ុ ម៉ាត់ស៊ូណុ នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងដាក់បន្ថែមទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន៥ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍមីស៊ីល។

លោក ហ៊ីរ៉ូកាស៊ុ ម៉ាត់ស៊ូណុ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទង្វើបង្កហេតុរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងធ្ងន់ធ្ងរ និងបន្ទាន់ ចំពោះសន្តិសុខជាតិជប៉ុន ព្រមទាំងគំរាមដល់សន្តិភាព និងស្ថិរភាពអន្តរជាតិដែលជាអំពើមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ លោក ម៉ាត់ស៊ូណុ ក៏បានជំរុញដែរឱ្យកូរ៉េខាងជើងធ្វើសកម្មភាពជាក់ស្ដែង ក្នុងការដោះស្រាយបញ្ហាជាច្រើន ក្នុងនោះរួមមានកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល រួមទាំងការចាប់ពង្រត់ជនជាតិជប៉ុន។

សូមបញ្ជាក់ថា ទណ្ឌកម្មបន្ថែមខាងលើនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារនេះ ហើយបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ធ្លាក់ចូលក្នុងសមុទ្រជប៉ុន ក្នុងនោះរួមមានទាំងមីស៊ីលបាញ់រំលងប្រទេសជប៉ុនផងដែរ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

Facebook Comments
Loading...