មូស្គូ ៖ នៅក្នុងសង្គ្រាមរយៈពេល១៧៤ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែសីហា មន្រ្ដីយោធាអ៊ុយក្រែន បានរាយការណ៍ ពីរុស្ស៊ី បានបាត់បង់កងទ័ពកើនដល់ ជាង ៤៣ ០០០នាក់ ហើយគ្រឿងយុទ្ធោបករណ៍មានតម្លៃរាប់ពាន់លានដុល្លារ។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៦ ខែសីហា កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ប្រហែល ៤៣ ៩០០នាក់។ ក្រៅពីការបាត់បង់នាយទាហាន និង ពលទាហាននោះ រុស្ស៊ី ក៏នៅតែបន្ដបាត់បង់គ្រឿងយុទ្ធភណ្ឌ ជាច្រើនទៀត រួមមាន រថក្រោះ ចំនួន ១ ៨៨០គ្រឿង, រថពាសដែក ចំនួន ៤ ១៥២គ្រឿង, យន្ដហោះចម្បាំង ២៣៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៩៦គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៥គ្រឿង ប្រព័ន្ធកាំភ្លើងធំ ចំនួន ៩៨៩គ្រឿង, ប្រព័ន្ធកាំភ្លើង MLR ចំនួន ២៦៣គ្រឿង, ប្រព័ន្ធការពារដែនអាកាស ១៣៦គ្រឿង និង គ្រឿងសឹកជាច្រើនទៀត……។
ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី នៅមិនទាន់បានប្រតិកម្មភ្លាមៗ ជុំវិញការអះអាងពីមន្រ្ដីជាន់ខ្ពស់យោធាអ៊ុយក្រែន នោះឡើយ៕