ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានសម្តែងការសោកស្តាយជាខ្លាំងចំពោះគណបក្សនយោបាយចំនួន៤ និងអង្គការសង្គមស៊ីវិលចំនួន១០៤ ដែលជំទាស់ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ ខ្វះភាពក្លាហានចូលជជែក និងតស៊ូមតិតាមការអញ្ជើញរបស់ក្រសួង។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។
ក្រសួងយុត្តិធម៌ បានអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលយល់ថា ឬអះអាងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ ប៉ះពាល់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម ចូលជួបពិភាក្សាតទល់មុខគ្នាដោយផ្ទាល់ នៅចំពោះមុខមហាជន តាមរយៈការផ្សាយផ្ទាល់លើបណ្ដាញសារព័ត៌មានសំដៅជម្រះចោលកង្វល់មិនត្រឹមត្រូវនានា ជុំវិញការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ។
តែជាការសោកស្តាយរហូតមកដល់ពេលនេះ គណបក្សនយោបាយទាំង៤ ដែលបានដាក់ញត្តិជូនទៅរដ្ឋសភា ជំទាស់នឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ និងអង្គការសង្គមស៊ីវិលចំនួន១០៤ ដែលបានចេញសេចក្តីថ្លែងការណ៍សម្តែងនូវកង្វល់នានា ជុំវិញការធ្វើវិសោធនកម្មនេះ ពុំបានអញ្ជើញចូលរួមតាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌នោះទេ៕ ដោយ ជា សេឌី