សមត្ថកិច្ចខណ្ឌព្រែកព្នៅនឹងចាត់វិធានការផ្អាកអាជីវកម្ម ចំពោះអាជីវករ លក់ដូរគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ១៥១ក្នុងតំបន់ផ្សារព្រែកព្នៅ

0
396

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៣ ខែសីហានេះកម្លាំងចម្រុះ ខណ្ឌព្រែកព្នៅបានចុះរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ១៥១នៅ តំបន់ផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ដែលជាតំបន់ មានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ដោយសារអាជីវករ យកទ្រូងផ្លូវ និង ចិញ្ចើម ផ្លូវធ្វើជាកន្លែងលក់ដូរ និងចតរថយន្ត បង្កឲ្យមានការកកស្ទះចរាចរណ៍ ជាប្រចាំ និង ធ្វើឲ្យបាត់បង់សោភណ័ភាព និងបរិស្ថានថែមទៀតផង។

នេះជាវិធានការចាំបាច់ របស់អាជ្ញាធរខណ្ឌ ដែលត្រូវអនុវត្ត ដើម្បី រក្សាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សន្ដិសុខ សុវត្ថិភាព និងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ តាមដងផ្លូវឲ្យមានលក្ខណៈ ល្អប្រសើរផងដែរ។ កន្លងមកនៅតំបន់នេះអ្នកលក់ដូរ បានរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ធ្វើអាជីវកម្ម ជាកន្លែងលក់ដូរ និងចតយានយន្តចែកចាយទំនិញ គ្មានសណ្តាប់ធ្នាប់ ជាមួយនេះ អាជ្ញាធរ បានចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារមកហើយតែបងប្អូនអាជីវករទាំងនោះ មិនបានអនុវត្តតាមឲ្យបានល្អប្រសើរ ឡើយ។

លោក មាស សំបូរ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ការកកស្ទះចរាចរ គ្មានសណ្ដាប់ធ្នាប់នេះគឺមូលហេតុ មកពីម្ចាស់ផ្ទះគាត់លក់ដូរទំនិញរបស់គាត់ នៅក្នុងផ្ទះ ចំណែកលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវគាត់ជួលឲ្យអ្នកលក់ទំនិញផ្សេងទៀតលក់ ដែលធ្វើឲ្យផ្លូវរួមតូច បណ្ដាលឲ្យមានការកកស្ទះចរាចរ ជារៀងរាល់ថ្ងៃ។

លោក បានបន្ដថា កន្លងមកអាជ្ញាខណ្ឌបានចុះរៀបចំជាញឹកញាប់មិនថាយប់ឬថ្ងៃឡើយ តែហាក់ដូចជាការវែកចក នៅពេលអាជ្ញាធរទៅបាត់គាត់ដាក់លក់លើចិញ្ចើមនិងលើទ្រូងផ្លូវវិញដដែល។ ប៉ុន្ដែនៅពេលថ្មីៗនេះ រដ្ឋបាលខណ្ឌព្រែកព្នៅបានធ្វើកិច្ចសន្យាជាលាយល័ក្ខ អក្សររួចហើយ ដោយផ្ទះណាបន្ដជួលឲ្យគេលក់លើចិញ្ចើម និងទ្រូងផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ទៀតនោះ អាជ្ញាធរខណ្ឌនិងចាត់វិធានការ បិទការធ្វើអាជីវកម្មជាបណ្ដោះ​អាសន្នតែម្ដង។ កិច្ចការនេះបើយើងដកហូតសម្ភារៈ ឬទំនិញ ដែលរំលោភលើចញ្ចើមនិងទ្រូងផ្លូវ គឺភាគច្រើន ប៉ះពាល់ ទៅលើអ្នកជួលទីតាំងតែប៉ុណ្ណោះ ឯម្ចាស់ផ្ទះជួលចិញ្ច្ចើមផ្លូវសាធារណៈឲ្យគេ បានលុយហើយរួចខ្លួនរហូត។ នៅថ្ងៃស្អែកនេះ បើមិនព្រមអនុវត្តតាមការណែនាំ ទេនោះ អាជ្ញាធរខណ្ឌ នឹងធ្វើការបិទលែងឲ្យលក់ដូរជាបណ្ដោះអាសន្នតែម្ដង ។

លោក ហួត លាភពិសិដ្ឋ អភិបាលស្ដីទីនៃគណៈអភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា រដ្ឋបាលខណ្ឌ មិនហាមឃាត់បងប្អូនលក់ដូរនៅតំបន់នេះទេ តែសូមឲ្យបងប្អូន កុំយកទ្រូងផ្លូវ និង ចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ដូរព្រោះផ្លូវ ជារបស់សាធារណៈ គឺសម្រាប់ធ្វើចរាចរណ៍ មិនមែនសម្រាប់ធ្វើជាកន្លែងលក់ដូរនោះឡើយ ។ដូចនេះ សមត្ថកិច្ចត្រូវតែចាត់វិធានការក្ដៅខ្លះ ដើម្បីទប់ស្កាត់នូវភាពគ្មាន សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ជាមួយ នេះ លោកអភិបាលខណ្ឌស្ដីទី បានសំណូមពរដល់ ប្រជាពលរដ្ឋ និងអាជីវករនៅតំបន់នេះសូមចូលរួមសហការ ទាំងអស់គ្នាដើម្បី បង្កើនសោភ័ណ្ឌភាព ក៏ដូចជាការជួយសម្រួល ចរាចរណ៍តាមដងផ្លូវនេះឲ្យបានល្អប្រសើរ ហើយក៏ជាការផ្ដល់នូវភាពងាយស្រួលដល់ សមត្ថកិច្ចក្នុងការគ្រប់គ្រងបញ្ហា សន្ដិសុខ និងទប់ស្កាត់ បទល្មើសផ្សេងៗផងដែរ៕

Facebook Comments
Loading...